(ហុងកុង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានព្រមានថា ក្រុមបាតុករនៅហុងកុងកំពុងតែបង្កការគំរាមកំហែងជាខ្លាំង ចំពោះគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» របស់ទីក្រុងស្វយ័តចិនមួយនេះ ស្របពេលដែលអំពើហិង្សាកាន់តែអាក្រក់ទៅៗ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ចាប់តាំងតែពីត្រូវបានចក្រភពអង់គ្លេស ប្រគល់មកឲ្យចិនវិញនៅឆ្នាំ១៩៩៧ ទីក្រុងហុងកុងបានស្ថិតក្រោមប្រព័ន្ធគ្រប់គ្រងពិសេសខាងលើ ដែលធានាផ្តល់ឲ្យខ្លួននូវសិទ្ធិសេរីភាព ធំធេងជាងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសចិន។ ក៏ប៉ុន្តែទីក្រុងនេះបានធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ នៅពេលបាតុកម្មទ្រង់ទ្រាយធំ បានចាប់ផ្តើមផ្ទុះឡើងកាលពីខែមិថុនាកន្លងទៅ ហើយកំពុងតែបន្តរហូតមកទល់ពេលនេះ ដោយពុំមានសញ្ញាថានឹងធូរស្រាលឡើយ។
គួរជម្រាបថា ពីដំបូងឡើយសកម្មភាពតវ៉ាបានប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែឥឡូវវាបានប្រែក្លាយទៅជាការធ្វើបាតុកម្មដ៏ហិង្សា និងកាន់តែធ្ងន់ធ្ងរឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ជាពិសេសគឺមួយរយៈចុងក្រោយនេះតែម្តង។
ថ្លែងពាក់ព័ន្ធស្ថានការណ៍ដ៏តានតឹងនៅហុងកុង ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលមួយ នៅរដ្ឋធានីប្រេស៊ីឡានៃប្រទេសប្រេស៊ីលបានលើកឡើងថា ក្រុមបាតុករកំពុងតែប្រព្រឹត្តសកម្មភាព ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះមូលដ្ឋាននៃគោលការណ៍ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»។
ជាមួយគ្នានោះលោក ស៊ី បានបញ្ជាក់ជាដដែលនូវការគាំទ្រ ឥតងាករេរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ចំពោះរដ្ឋបាលទីក្រុងហុងកុងរួមទាំងប៉ូលិសហុងកុង។ លោកក៏បានសង្កត់ធ្ងន់ដែរថា ការបញ្ឈប់អំពើហិង្សានិងគ្រប់គ្រងស្ថានការណ៍វឹកវរ ហើយស្តាសណ្តាប់ធ្នាប់ឡើងវិញគឺជាកិច្ចការដ៏សំខាន់ និងបន្ទាន់បំផុតរបស់ទីក្រុងហុងកុង។
គួរបញ្ជាក់ផងដែរថា បើតាមការឲ្យដឹងពីមន្ទីរពេទ្យ ព្រីនស៍អូហ្វវែលស៍ (Prince of Wales) នៅហុងកុងកាលពីយប់ថ្ងៃព្រហស្បតិ៍ បុរសចំណាស់វ័យ ៧០ឆ្នាំម្នាក់បានបាត់បង់ជីវិតហើយ បន្ទាប់ពីរូបគាត់ត្រូវបានគេចោលដុំឥដ្ឋត្រូវ កំឡុងការប៉ះទង្គិចគ្នារវាង ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងក្រុមដែលគាំទ្ររដ្ឋាភិបាល ប៉ុន្តែមិនដឹងថា អ្នកណាជាអ្នកគប់ឲ្យប្រាកដឡើយ។ ចំណែកកាលពីថ្ងៃទី០៨ ខែវិច្ឆិកា និស្សិតឈ្មោះ អាឡិច ឆូវ (Alex Chow) អាយុ ២២ឆ្នាំ បានស្លាប់ក្រោយធ្លាក់ពីលើអគារ កំឡុងការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករនៅក្នុងអគារចតរថយន្តមួយកន្លែង៕