(សេអ៊ូល)៖ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ដែលបច្ចុប្បន្នជាបេក្ខជនម្នាក់របស់គណបក្សប្រជាធិបតេយ្យអាមេរិក សម្រាប់ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ បានទទួលរងការប្រមាថមើលងាយពីសំណាក់កូរ៉េខាងជើងថា ជាសត្វសុនខមួយក្បាល ដែលកើតជំងឺឆ្កែឆ្កួត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា លោក Biden ថ្លើមធំហ៊ានបរិហារកេរ្តិ៍មក លើសេចក្តីថ្លៃថ្នូរនៃប្រមុខដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង។ ក្នុងការចុះផ្សាយរបស់ខ្លួន KCNA បានបន្តដូច្នេះថា «សុនខកើតជំងឺឆ្កែ ឆ្កួតដូចលោក Biden ជាដើមនេះ អាចបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើននាក់ ប្រសិនបើនៅបណ្តាយឲ្យរត់ពាសវាលពាសកាល។ ដូច្នេះត្រូវ យកដំបងសំពងសុនខកើតជំងឺបែបនេះឲ្យងាប់ទើបល្អ ហើយការធ្វើយ៉ាងដូច្នោះក៏នឹងជាប្រយោជន៍សម្រាប់សហរដ្ឋអាមេរិកផ្ទាល់ផងដែរ»។
គួរជម្រាបថា វាមិនច្បាស់នោះទេ ហេតុអ្វីបានជាទីក្រុងព្យុងយ៉ាងខឹងលោក Joe Biden ខ្លាំងបែបនេះ ប៉ុន្តែបើតាមឃ្លីបវីដេអូឃោសនាបោះ ឆ្នោតមួយរបស់លោក Biden ដែលចេញផ្សាយក្នុងសប្តាហ៍នេះ វីដេអូនោះបានរិះគន់ធ្ងន់ៗទៅលើគោលនយោបាយការបរទេសរបស់លោក ត្រាំ ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺត្រង់ចំណុចដែលមានការនិយាយថា លោក ដូណាល់ ត្រាំ រុញច្រានសម្ព័ន្ធមិត្តអាមេរិកឲ្យឃ្លាតឆ្ងាយ ខណៈមេដឹកនាំផ្តាច់ការទទួលបានការកោតសរសើរពីលោក ត្រាំ ដោយនៅពេលប្រើពាក្យ «មេដឹកនាំផ្តាច់ការ» នោះ គេឃើញរូបថតចាប់ដៃគ្នា រវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន កំឡុងជំនួបកំពូលនៅសិង្ហបុរី កាលពីឆ្នាំ២០១៨ បង្ហាញចេញមក៕