(វ៉ាស៊ីនតោន)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងសហរដ្ឋអាមេរិក និងចិន ទំនងជានឹងមិនត្រូវបានចុះហត្ថលេខាឡើយនៅក្នុងឆ្នាំ២០១៩នេះ ដោយវាអាចនឹងលើកពេលទៅឆ្នាំក្រោយ ខណៈទីក្រុងប៉េកាំងកំពុងខឹងសម្បារយ៉ាងខ្លាំង ចំពោះព្រឹទ្ធសភាអាមេរិកដែលបានអនុម័តច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង។ នេះបើតាមក្រុមអ្នកជំនាញពាណិជ្ជកម្ម ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
កាលពីខែតុលាកន្លងទៅ លោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) កិច្ចព្រមព្រៀងដំណាក់កាលទី ១ របស់ចិននឹងត្រូវបើប្រើ ៥ សប្ដាហ៍ដើម្បីចុះហត្ថលេខា។ ប៉ុន្តែអស់ពេល ៥សប្ដាហ៍កន្លងទៅ កិច្ចព្រមព្រៀងនេះនៅតែមិនទាន់សម្រេចបាន ហើយវាអាចនឹងកាន់តែស្មុគស្មាញជាងមុនក៏ថាបាន ដោយសារតែភាគីទាំង ២ នៅមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ក្នុងនោះរួមមានទាំងការស្នើឱ្យដកការដំឡើងពន្ធលើទំនិញចិន និងជាពិសេសគឺសំណុំរឿងទីក្រុងហុងកុងតែម្ដង។
លើសពីនេះទៅទៀត នៅពេលត្រូវបានសាកពីកិច្ចព្រមព្រៀងនេះកាលពីថ្ងៃពុធ លោក ត្រាំ ផ្ទាល់បានគូសបញ្ជាក់ថា លោកមិនគិតឡើយថាការចរចាអាចឈានដល់កម្រិតដែលលោកចង់បាន ជាមួយការព្រមានដំឡើងពន្ធជាថ្មីលើទំនិញចិន បើសិនជាងកិច្ចព្រមព្រៀងដំណាក់កាលទី ១ មិនត្រូវបានចុះហត្ថលេខា។
គួរជម្រាបថា ក្រុមមន្ត្រីចិនក៏ធ្លាប់បានលើកឡើងផងដែរថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងលោក ដូណាល់ ត្រាំ អាចនឹងចុះហត្ថលេខានៅដើមខែធ្នូ។ ប៉ុន្តែអ្នកជំនាញខ្លះយល់ថា អ្វីដែលគេត្រូវទន្ទឹមរង់ចាំមើលនោះ គឺថាតើការដំឡើងពន្ធលើទំនិញចិន ១៥៦ពាន់លានដុល្លារ នឹងត្រូវចូលជាធរមានដែរ ឬទេនៅថ្ងៃទី១៥ ខែធ្នូខាងមុខនេះ៕