(តេហេរ៉ង់)៖ មេបញ្ជាការនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) លោក ហូស្សេន សាឡាមី (Hossein Salami) បានប្តេជ្ញាថា កងកម្លាំងនេះនឹងកម្ទេចអាមេរិក អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត បើសិនជាសម្ព័ន្ធមិត្តទាំងបីនេះហ៊ានឆ្លងហួសខ្សែបន្ទាត់ក្រហម ដែលទីក្រុងតេហេរ៉ង់បានកំណត់នោះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Salami បានលើកឡើងនៅរដ្ឋធានីតេហេរ៉ង់យ៉ាងដូច្នេះថា «យើងបានបង្ហាញការអត់ធ្មត់... យើងបានព្យាយាមរក្សាភាពស្ងប់ស្ងាត់ ចំពោះមុខសកម្មភាពគគ្លើនទាំងឡាយរបស់ អាមេរិក អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់... ប៉ុន្តែយើងនឹងបំផ្លាញពួកគេ ប្រសិនបើពួកគេហ៊ានឆ្លងហួសខ្សែបន្ទាត់ក្រហមរបស់យើង...»។ សេចក្តីថ្លែងការណ៍របស់ មេបញ្ជាការកងកម្លាំង IRGC នេះបានកើតមានឡើងជាងមួយខែ បន្ទាប់ពីមេបញ្ជាការទ័ពជើងទឹកអ៊ីរ៉ង់លោក អាលី រ៉េហ្សា (Ali Reza) បានព្រមានកម្ទេចកងកម្លាំងបរទេសណាក៏ដោយ ដែលហ៊ានបំពានចូលដែនទឹករបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា ថ្វីត្បិតតែស្ថានការណ៍នានា ពាក់ព័ន្ធនឹងតំបន់ឈូងសមុទ្រជាប់ប្រទេសអ៊ីរ៉ង់ ហាក់មានសភាពស្ងប់ស្ងាត់បន្តិចមែន នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ក៏ការប្រុងជើងការកម្រិតខ្ពស់នៅតែមានដដែល ព្រោះថាច្រកសមុទ្រហ័រមូស (Hormuz) គឺជាដែនទឹករបស់អន្តរជាតិ ហើយនាវាគ្រប់ប្រភេទជាពិសេសនាវាដឹកប្រេង តែងតែចល័តឆ្លងកាត់ទីនោះជាប្រចាំ និងប្រកបដោយការប្រុងប្រយ័ត្នខ្ពស់បំផុត ក្រោយពីការកើតមានការបាញ់ប្រហារជាច្រើនករណី ទៅលើនាវាដឹកប្រេងអន្តរជាតិ រួមទាំងអ៊ីរ៉ង់ខ្លួនឯងផងដែរ៕