(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានដឹងថា លទ្ធផលបោះឆ្នោតថ្នាក់តំបន់ក្នុងទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដែលបង្ហាញថាបេក្ខជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាអ្នកទទួលបានជ័យជម្នះយ៉ាងច្រើនសម្បើមនោះ គឺមានភាពមិនត្រឹមត្រូវ និងគួរឱ្យសង្ស័យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងការចុះផ្សាយរបស់ខ្លួននៅថ្ងៃអង្គារនេះ សារព័ត៌មាន People's Daily របស់រដ្ឋចិនបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ភាពចលាចលក្នុងសង្គម... បានបង្កការរំខានដល់ដំណើរការការបោះឆ្នោត»។ ចំណែកឯសារព័ត៌មានរដ្ឋចិន China Daily បានលើកឡើងស្រដៀគ្នាផងដែរថា «លទ្ធផលបោះឆ្នោតមានភាពមិនត្រឹមត្រូវ និងគួរឱ្យសង្ស័យ ដោយសារតែការគំរាមកំហែង និងល្បិចដ៏ស្មោកគ្រោក... ហើយប្រើប្រាស់ការគំរាមកំហែងដោយអំពើហិង្សា គឺមានបំណងកាត់បន្ថយទស្សនៈ និងការយល់ឃើញរបស់បេក្ខជនគាំទ្រទីក្រុងប៉េកាំង»។
គួរបញ្ជាក់ថា ក្រុមបេក្ខជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង បានទទួលជ័យជម្នះធំធេង ក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ ក្រោយប្រជាជនហុងកុងក្នុងចំនួនជាច្រើននាក់មិនធ្លាប់មាន បានចូលរួមបោះឆ្នោតកាលពីថ្ងៃអាទិត្យ ខណៈទីក្រុងសេដ្ឋកិច្ចកំពូលនៅអាស៊ីមួយនេះ បាននិងកំពុងបន្តប្រឈមមុខការធ្វើបាតុកម្មយ៉ាងតានតឹង អស់រយៈពេលជាងកន្លះឆ្នាំមកហើយ។
អាជ្ញាធររៀបចំការបោះឆ្នោតនៅហុងកុងបានឲ្យដឹងថា ប្រជាជនហុងកុងយ៉ាងតិច ២.៩៤លាននាក់បានចូលរួមបោះឆ្នោត លើសឆ្នាំ២០១៥ រហូតដល់ទៅជាងពាក់កណ្តាល ដែលកាលនោះមានត្រឹម ១.៤៧លាននាក់ប៉ុណ្ណោះបានទៅបោះឆ្នោត។ គិតត្រឹមល្ងាចថ្ងៃចន្ទម្សិលមិញ ក្រុមបេក្ខជនដែលមាននិន្នាការគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាមួយអាសនៈប្រមាណ ៣៩០ ក្នុងចំណោមអាសនៈសរុបជាង ៤៥០។
ក្រុមប្រឹក្សាសង្កាត់នៃទីក្រុងហុងកុង មានតួនាទីចាត់ចែងលើការចំណាយខ្លះៗ ហើយមានសិទ្ធិសម្រេចលើបញ្ហាមួយចំនួន ប៉ុន្តែក៏អាចបម្រើជាវេទិកាមួយ ដើម្បីបន្សាយឥទ្ធិពលនយោបាយនៅក្នុងទីក្រុងផងដែរ។ ប៉ុន្តែបណ្ដាប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន មិនទាន់បានប្រកាសពីអ្នកឈ្នះ នៅក្នុងការបោះឆ្នោតនេះនៅឡើយទេ៕