(ប៊ូសាន)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នាថ្ងៃអង្គារនេះ បានស្នើឲ្យបណ្តាប្រទេសជាសមាជិកអាស៊ាន បន្តផ្ញើសារក្នុងន័យ រួបរួមឯកភាពគ្នាទៅកាន់កូរ៉េខាងជើងព្រមទាំងសហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យប្រទេសទាំងពីរ អាចចាប់ផ្តើមដំណើរការចរចានុយក្លេអ៊ែរក្នុង កម្រិតការងារឡើងវិញឲ្យបានឆាប់តែអាចធ្វើទៅរួច។ នេះបើតាមការដកស្រង់ព័ត៌មាន នៅល្ងាចថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក មូន បានធ្វើការអំពាវនាវបែបនេះ កំឡុងកម្មវិធីទទួលទានអាហារពេលថ្ងៃត្រង់ ជាមួយមេដឹកនាំប្រទេសអាស៊ានទាំង ១០ ដែលកំពុងចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-សាធារណរដ្ឋកូរ៉េ (ASEAN-ROK) នៅទីក្រុងប៊ូសាន ដែលមានចម្ងាយ ៤៥០គីឡូម៉ែត្រភាគអាគ្នេយ៍រដ្ឋធានីសេអ៊ូល។ ក្នុងកម្មវិធីទទួលទានអាហារនេះ លោក មូន បានផ្តោតសំខាន់ទៅលើបញ្ហានៅឧបទ្វីបកូរ៉េផ្ទាល់។
យោងតាមវិមានរដ្ឋាភិបាលកូរ៉េខាងត្បូង (Cheong Wa Dae) លោកប្រធានាធិបតី មូន និងមេដឹកនាំអាស៊ានបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ អំពីមធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការ នៅក្នុងកិច្ចប្រឹងប្រែងឆ្ពោះទៅរកការសម្រេចឲ្យបាន នូវការលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុង ហើយបង្កើតសន្តិភាពជាអចិន្រ្តៃយ៍នៅឧបទ្វីបកូរ៉េ។ នាឱកាសនោះ តួនាទីជាយុទ្ធសាស្រ្ត និងសារៈសំខាន់របស់អាស៊ានត្រូវបានរំលេចឡើង ខណៈអាស៊ានបានរក្សាចំណងទាក់ទងជិតស្និទ្ធ ទាំងជាមួយសហរដ្ឋអាមេរិក និងកូរ៉េទាំងពីរ។
អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរ ជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏ត្រូវបានរៀបចំឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មិនតែប៉ុណ្ណោះវេទិកាពិភាក្សា ARF របស់អាស៊ាន គឺជាវេទិកាសន្តិសុខពហុភាគីតែមួយគត់នៅក្នុងតំបន់ ដែលមានកូរ៉េខាងជើងជាសមាជិកផ្លូវការ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានបន្ថែមថា លោក មូន បានរៀបរាប់ប្រាប់បណ្តាមេដឹកនាំអាស៊ាន នូវកិច្ចប្រឹងប្រែងការទូតនៃរដ្ឋបាលរបស់លោក សម្រាប់ដំណើរការឆ្ពោះទៅរកសន្តិសុខនៅឧបទ្វីបកូរ៉េ ហើយលោកបានស្នើឲ្យអាស៊ាន បន្តផ្តល់ការគាំទ្រ និងចូលរួមសហការដើម្បីសម្រេចគោលដៅនេះ។
គួរជម្រាបថា លោកប្រធានាធិបតីកូរ៉េខាងត្បូង បានសង្កត់ធ្ងន់អំពីការបង្កើតក្រមខណ្ឌ សម្រាប់កិច្ចសន្ទនារប្រកបដោយចីរភាព រួមជាមួយការកសាងទំនុកចិត្តក្នុងចំណោមភាគីដែលពាក់ព័ន្ធ ដើម្បីលុបបំបាត់ចោលនូវទំនាក់ទំនងក្នុងភាពជាសត្រូវនឹងគ្នា ដែលបានបន្តកើតមាននៅលើឧបទ្វីបកូរ៉េ អស់រយៈពេលប្រមាណ ០៧ទសវត្សរ៍មកហើយ។ ជាចុងក្រោយលោក មូន បានស្នើឲ្យសមាជិកអាស៊ានទាំងអស់ បន្តផ្ញើសារក្នុងន័យរួបរួមឯកភាពគ្នាទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ដើម្បីជំរុញឲ្យភាគីទាំងពីរបន្តកិច្ចចរចាកម្រិតការងារឡើង វិញឲ្យបានឆាប់ហើយទទួលបាននូវលទ្ធផលល្អប្រសើរ៕