(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការយុត្តិធម៌នៃសភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានអញ្ជើញលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួមជាលើកដំបូងក្នុងសវនាការស្ដាប់សក្ខីកម្ម ជុំវិញនីតិវិធីដកតំណែងប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែធ្នូខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការអញ្ជើញនេះគឺជាការចាប់ផ្ដើមតំណាក់កាលថ្មីមួយ នៃការស៊ើបអង្កេតដើម្បីដំណើការនីតិវិធី ដកលោក ដូណាល់ ត្រាំ ពីតំណែងជាប្រធានាធិបតីអាមេរិក។ លោក ត្រាំ មិនត្រូវបានតម្រូវឱ្យចូលរួមក្នុងសវនាការនេះទេ ប៉ុន្តែតាមរយៈការអញ្ជើញរបស់គណៈកម្មាធិការយុត្តិធម៌ អាចអនុញ្ញាតឱ្យលោក និងក្រុមមន្ត្រីច្បាប់របស់លោកចូលរួម ដើម្បីតាមដានអំពីនីតិវិធី ដកតំណែងប្រធានាធិបតីរបស់សភាតំណាងរាស្ត្រ។ តែយ៉ាងណាក៏ដោយ ខាងសេតវិមានមិនទាន់ឆ្លើយតបអ្វីនឡើយទេ។
គួរបញ្ជាក់ថា គណៈកម្មធិការស៊ើបអង្កេតនៃសភាតំណាងរាស្ត្រ ដែលកំពុងដឹកនាំការស៊ើអង្កេត ដើម្បីឈានទៅរកការដំណើរការនីតិវិធីចោទប្រកាន់ ឬដកតំណែងប្រធានាធិបតី ត្រូវបានគេរំពឹងថា នឹងចេញផ្សាយនូវរបាយការណ៍ភស្ដុតាងផ្លូវការមួយ ក្រោយសមាជិកសភាត្រឡប់មកកាន់សភាវិញនៅថ្ងៃទី០៣ ខែធ្នូ ក្រោយសម្រាកនាឱកាសពីបុណ្យ Thanksgiving។
ម្យ៉ាងវិញទៀត បើសិនជារបាយការណ៍នេះត្រូវបានចេញផ្សាយមែន នោះគណកម្មាធិការយុត្តិធម៌អាចនឹងប្រើប្រាស់វា ដើម្បីពិចារណាក្នុងការចោទប្រកាន់ជាផ្លូវការប្រឆាំង លោក ដូណាល់ ត្រាំ មុននឹងបញ្ជូនបន្តឱ្យសភាតំណាងរាស្ត្រ បោះឆ្នោតអនុម័តនៅពាក់កណ្ដាលខែធ្នូខាងមុខ។
ការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី មានគោលដៅស្វែងរកការពិតថាតើលោក ត្រាំ ពិតជាបានរំលោភអំណាច ដោយដាក់ការគំរាម និងសម្ពាធលើអ៊ុយក្រែន ឲ្យបើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក ចូ បៃដិន (Joe Biden) ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាគូប្រជែងដ៏ធំរបស់លោក សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០ដែរ ឬក៏យ៉ាងណា ខណៈការធ្វើបែបនេះត្រូវបានគេចាត់ទុកថា ជាលើកទឹកចិត្តឱ្យបរទេសលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក៕