(វ៉ាស៊ីនតោន)៖ អាជ្ញាធរសហព័ន្ធអាកាសចរណ៍អាមេរិក FAA បានអះអាងឡើងវិញថា ខ្លួននឹងមិនផ្ដល់ការអនុញ្ញាតឱ្យ យន្ដហោះ Boeing 737 Max ត្រឡប់ទៅដំណើរការដឹកអ្នកដំណើរជាធម្មតាឡើយ រហូតទាល់តែយន្ដហោះនេះត្រូវបាន បញ្ជាក់ថាមានសុវត្ថិភាពទាំងស្រុងសិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការបញ្ជាក់ខាងលើរបស់ FAA ធ្វើឡើងជាលើកទី៣ ក្នុងរយៈពេលត្រឹមពីរសប្ដាហ៍ប៉ុណ្ណោះ។ FAA បានលើកឡើងនៅក្នុង សេចក្ដីថ្លែងការណ៍ចេញផ្សាយ ក្នុងសប្ដាហ៍នេះ ដូច្នេះថា៖ «FAA មិនទាន់បញ្ចប់ការត្រួតពិនិត្យទាំងស្រុងលើការផ្លាស់ ប្ដូរការរចនា និងការបណ្ដុះបណ្ដាលពីឡុតនៃ Boeing 737 Max នៅឡើយទេ...ដូច្នេះយើងនឹងមិនអនុញ្ញាតឱ្យយន្ដហោះ នេះដឹកអ្នកដំណើរ ឬចេញលិខិតបញ្ជាក់ពីសុវត្ថិភាពនោះទេ រហូតទាល់តែយន្ដហោះនេះត្រូវបានកំណត់ថាមានសុវត្ថិភាព ទាំងស្រុងជាមុនសិន»។
គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០១៨ យន្ដហោះ 737 Max ផលិតដោយក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing បានធ្លាក់ចូលសមុទ្រប្រទេសឥណ្ឌូណេស៊ី ហើយនៅខែមីនា ឆ្នាំ២០១៩ យន្ដហោះប្រភេទនេះបានធ្លាក់ជាថ្មី នៅឯប្រទេស អេត្យូពី។ សោកនាដកម្មធ្លាក់យន្ដហោះទាំងពីរលើកនេះ បានផ្ដាច់ជីវិតមនុស្សសរុប ៣៤៦នាក់ រីឯ Boeing 737 Max ត្រូវបានបញ្ឈរជើងនៅទូទាំងពិភពលោកមកទល់នឹងសព្វថ្ងៃ បន្ទាប់ពីគេរកឃើញថាយន្ដហោះលក់ដាច់ជាងគេមួយនេះ មានបញ្ហាប្រព័ន្ធគ្រប់គ្រងការហោះហើរ ឬហៅជាភាសាអង់គ្លេសថា Maneuvering Characteristics Augmentation System ដែលជាមូលហេតុបង្កឱ្យមានសោកនាដកម្មដ៏សោកសៅនេះ៕