(ប៉េកាំង)៖ ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលចង់យកកិច្ចព្រមព្រៀងពាណិជ្ជកម្ម តំណាក់កាលទី ១ រវាងចិន និងអាមេរិកទៅចុះហត្ថលេខាបន្ទាប់ពីលោកជាប់ឆ្នោត ជាប្រធានាធិបតីមួយអាណត្តិទៀតនៅចុងឆ្នាំ២០២០ ហាក់មិនបានធ្វើឲ្យចិនជ្រួលច្រាល ឬអង្វរកអ្វីនោះឡើយ ហើយចិនថែមទាំងបានលើកឡើងទៀតថា ទីក្រុងប៉េកាំងក៏គ្មានកាលបរិច្ឆេទណាមួយ ដែលត្រូវកំណត់ដើម្បីចុះហត្ថលេខា ឬមិនចុះហត្ថលេខា ជាមួយអាមេរិកនោះដែរ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។
កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ អាចនឹងត្រូវលើកទៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ហើយប្រការនេះបានធ្វើឲ្យទីផ្សារសកលមានភាពរំជើបរំជួល ខណៈគ្រប់គ្នានាពេលកន្លងមកនេះបានរំពឹងថា ប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ នៅចុងឆ្នាំ២០១៩ នេះ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង (Hua Chunying) បានឆ្លើយតបទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំងថា «យើងនឹងមិនកំណត់កាលបរិច្ឆេទដើម្បីឲ្យកិច្ចព្រមព្រៀងនោះ នឹងត្រូវ ឬក៏នឹងមិនត្រូវចុះហត្ថលេខានោះឡើយ...។ កិច្ចព្រមព្រៀង និងការចរចានានា ត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក និងដោយស្មើភាព...»។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានរក្សាជំហររបស់ខ្លួនផងដែរ ក្នុងការឆ្លើយទៅវិញភ្លាមៗប្រសិនបើខ្លួនគិតថា កំពុងទទួលរងការយាយីផ្នែកពាណិជ្ជកម្ម និងនយោបាយបែបគាំពារនិយមពីសំណាក់សហរដ្ឋអាមេរិកនោះ៕