(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងនៅក្នុងសប្ដាហ៍នេះបាននិយាយថា ខ្លួននឹងបញ្ជូនកញ្ចប់កាដូមួយសម្រាប់ថ្ងៃបុណ្យណូអែល ឱ្យសហរដ្ឋអាមេរិក ខណៈក្រុមអ្នកជំនាញយល់ថា អំណោយអ្វីឱ្យប្រាកដនៅក្នុងកញ្ចប់កាដូ គឺវាអាស្រ័យទៅលើថាតើលោក ដូណាល់ ត្រាំ នឹងធ្វើឱ្យលោក គីម ជុងអ៊ុន សប្បាយចិត្ត ឬខូចចិត្តនៅមុនចុងឆ្នាំ២០១៩ នេះប៉ុណ្ណោះ ហើយវាក៏ជាក៏អាចជាការបញ្ឆេះកម្តៅ នៅឧបទ្វីបកូរ៉េឡើងវិញផងដែរ។

លោក រី ថែសុង (Ri Thae Song) ជាអនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសកូរ៉េខាងជើង ទទួលបន្ទុកកិច្ចការអាមេរិក គឺជាអ្នកបង្ហើបដំបូងគេពីកញ្ចប់កាដូ ដែលត្រូវផ្ញើឱ្យសហរដ្ឋអាមេរិកនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅសប្ដាហ៍នេះ។ តែព្រមពេលជាមួយគ្នាលោក Song បានចោទប្រកាន់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងប្រើប្រាស់កិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ជាឧបករណ៍ដើម្បីកេងចំណេញ ផលប្រយោជន៍នយោបាយនៅក្នុងស្រុក។ លោកបន្ថែមថា អំណោយក្នុងកញ្ចប់កាដូបុណ្យណូអែល គឺសហរដ្ឋអាមេរិកខ្លួនឯងជាអ្នកជ្រើសរើស។

* តើកាដូអ្វីដែលលោក គីម នឹងផ្ញើឱ្យលោក ត្រាំ?

ការលើកឡើងរបស់លោក Ri Thae Song ត្រូវបានក្រុមអ្នកជំនាញមួយចំនួនបកស្រាយថា គឺជាសញ្ញាមួយបង្ហាញថា កូរ៉េខាងជើងទំនងជាអាចនឹងចាប់ផ្ដើមការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ឡើងវិញ ស្របពេលកាលកំណត់ត្រឹមនៅចុងឆ្នាំ២០១៩ ដែលលោក គីម ជុងអ៊ុន ដាក់ឱ្យលោក ដូណាល់ ត្រាំ ស្ដារកិច្ចចរចានុយក្លេអ៊ែរ នៅសល់តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ។

កាលពីឆ្នាំ២០១៧ កូរ៉េខាងជើងធ្លាប់បានអះអាងម្ដងរួចមកហើយថា ការបាញ់សាកល្បងជាលើកដំបូងនូវមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) របស់ខ្លួនជាកាដូមួយ សម្រាប់ទីក្រុងវ៉ាស៊ីនតោន នាឱកាសបុណ្យឯករាជ្យជាតិអាមេរិកថ្ងៃទី០៤ ខែកក្កដា។
បន្ថែមពីលើនេះ ការសន្និដ្ឋានជុំវិញការធ្វើតេស្ដមីស៊ីលប្រភេទនេះឡើងវិញ បានកើតមានជាថ្មីបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃពុធម្សិលមិញបានបង្ហោះរូបភាពជាច្រើនសន្លឹករបស់លោក គីម ជុងអ៊ុន ជិះសេះសកម្សាន្តនៅលើភ្នំ ផេកទូ (Paektu) ជាលើកទី ៣ ដែលជាប្រថ្នូលថា នឹងមានការសម្រេចចិត្តធំមួយនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។ ជាក់ស្ដែង កាលពីខែតុលាកន្លងទៅ ទីក្រុងព្យុងយ៉ាបាញ់មីស៊ីលរយៈចំងាយខ្លីជាបន្តបន្ទាប់ ក្រោយលោក គីម ជិះសេះសកម្សាន្តនៅលើភ្នំដ៏ពិសិដ្ឋ សម្រាប់ប្រជាជនកូរ៉េខាងជើមួយនេះ។

ជុំវិញបញ្ហខាងលើនេះ លោកស្រី ឌូយុន គីម (Duyeon Kim) ជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់លើកិច្ចការអាស៊ីភាគឦសាន និងគោលនយោបាយនុយក្លេអ៊ែរ នៃអង្គការក្រៅរដ្ឋ International Crisis Group បានបង្ហាញការយល់ឃើញថា អំណោយនៅក្នុងកញ្ចប់កាដូបុណ្យណូអែលរបស់កូរ៉េខាងជើង គឺវាអាស្រ័យថាតើលោក ត្រាំ អាចនឹងធ្វើឱ្យលោក គីម សប្បាយចិត្ត ឬខូចចិត្តនៅមុនចុងឆ្នាំនេះ។ ពោលបើលោក ត្រាំ ផ្ដល់សម្បទានបន្ថែមណាមួយ ឬបើកកិច្ចចរចាជាថ្មីជាមួយកូរ៉េខាងជើង ឱ្យបានមុនកាលកំណត់ត្រឹមចុងឆ្នាំ ដែលលោក គីម ជាអ្នកកំណត់ នោះស្ថានការណ៍អាចនឹងល្អប្រសើរមួយរយៈតាមនឹងដែរ។

ប៉ុន្តែថ្លែងនាឱកាសចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO នៅក្នុងសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ ហាក់ដូចជាមិនបានបង្ហើបសញ្ញាវិជ្ជមានណាមួយឡើយ ពាក់ព័ន្ធនឹងកិច្ចចរចាជាមួយកូរ៉េខាងជើង ហើយមិនតែប៉ុណ្ណោះលោកស្រាប់តែហៅ លោក គីម ជុងអ៊ុន ថា «បុរសគ្រាប់រ៉ុក្កែត» ជាថ្មីទៀតផង។ ឆ្លើយតបនឹងសំណួថា តើហេតុអ្វីកូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ទំនាក់ទំនងរបស់ខ្ញុំជាមួយលោក គីម ជុងអ៊ុន ពិតជាល្អណាស់។ តែនេះមិនមែនមានន័យថា គាត់នឹងគោរពតាមទាំងអស់នៃកិច្ចព្រមព្រៀង ដែលពួកយើងបានចុះហត្ថលេខានោះទេ។ គាត់ចូលចិត្តបាញ់បង្ហោះគ្រាប់រ៉ុក្កែត ដូច្នេះហើយទើបខ្ញុំហៅគាត់ថា «បុរសគ្រាប់រ៉ុក្កែត»។

គួរជម្រាបថា កាលពីថ្ងៃពុធម្សិលមិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សពលករកូរ៉េខាងជើង នឹងបើកកិច្ចប្រជុំដ៏កម្រមួយនៅចុងខែធ្នូខាងមុខនេះ។ បើតាមលោកស្រី Duyeon Kim លទ្ធផលនៃកិច្ចប្រជុំនេះ និងគោលនយោបាយរបស់ទីក្រុងព្យុងយ៉ាង នឹងអាស្រ័យទៅលើថា តើកូរ៉េខាងជើងសប្បាយចិត្តនឹងសហដ្ឋអាមេរិកដល់កម្រិតណា។ ចំណែកឯលទ្ធផល និងគោលនយោបាយពិតប្រាកដ នឹងត្រូវបានបង្ហាញនៅក្នុងសុន្ទរកថាអបអរថ្ងៃចូលឆ្នាំថ្មី ឬឆ្នាំសកលរបស់លោក គីម ជុងអ៊ុន៕

ប្រភព៖ សារព័ត៌មានអាមេរិក CNN (ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩)