(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi នាថ្ងៃចន្ទនេះបានលើកឡើងថា ពាក្យសម្តីគំរាមកំហែង របស់អ៊ីស្រាអែលកាលពីម្សិលមិញ គឺគ្រាន់តែជាសញ្ញាបង្ហាញឲ្យឃើញពីភាពទន់ខ្សោយរបស់អ៊ីស្រាអែលប៉ុណ្ណោះ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។
លោក Mousavi បាននិយាយដូច្នេះថា «យើងចាត់ទុកការគំរាមរបស់អ៊ីស្រាអែល ត្រឹមជាសញ្ញាបង្ហាញឲ្យឃើញពីភាពទន់ខ្សោយ ហើយវាក៏ជាការព្យាយាមមួយផងដែររបស់អ៊ីស្រាអែល ដើម្បីបិទបាំងវិបត្តិនិងបញ្ហាផ្សេងៗនៅក្នុងប្រទេសរបស់ខ្លួន»។ យ៉ាងណា ក៏ដោយ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់នឹងផ្តល់ការឆ្លើយតបទៅវិញ ដែលនឹងធ្វើឲ្យអ៊ីស្រាអែលស្តាយក្រោយ ប្រសិនបើហ៊ានធ្វើសកម្មភាពបង្កហេតុ ឬក៏ទង្វើឆោតល្ងង់ដែលមិនអាចលើកលែងបានណាមួយ។
គួរជម្រាបថា កាលពីថ្ងៃអាទិត្យកន្លងទៅ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Naftali Bennett បានព្រមានអ៊ីរ៉ង់ថា ប្រទេសស៊ីរី នឹងក្លាយជាសមរភូមិសង្រ្គាមគ្មានទីបញ្ចប់ដ៏អាក្រក់ ដូចជាសង្រ្គាមនៅវៀតណាមយ៉ាងដូច្នោះ ប្រសិនបើអ៊ីរ៉ង់នៅតែបន្តវត្តមានក្នុង ទឹកដីស៊ីរី។ រីឯរដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Yisrael Katz ក៏បានព្រមានទីក្រុងតេហេរ៉ង់ដូចគ្នាថា យោធាអ៊ីស្រាអែលនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការដឹកនាំការវាយប្រហារតាមផ្លូវអាកាសប្រឆាំងទីក្រុងតេហេរ៉ង់ ក្នុងករណីដែលសាធារណរដ្ឋអ៊ីស្លាមមួយនេះ ហ៊ានផលិតអាវុធនុយក្លេអ៊ែរ៕