(សាន់ត្យាហ្គោ)៖ យន្តហោះយោធាឈីលីមួយគ្រឿងផ្ទុកមនុស្ស ៣៨នាក់នៅលើនោះ បានបាត់ដំណឹងពីប្រព័ន្ធទាក់ទង នៅពេលកំពុងធ្វើដំណើរទៅកាន់ទ្វីបអង់តាក់ទិច នៃប៉ូលខាងត្បូងរបស់ភពផែនដី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ BBC នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។
យន្តហោះយោធាខាងលើនេះគឺប្រភេទ C-130 បានបាត់ដំណឹងនៅកំឡុងម៉ោង ៦៖០០នាទីល្ងាចថ្ងៃចន្ទ (ម៉ោងនៅអាមេរិកខាងត្បូង) បន្ទាប់ពីបានហោះចាកចេញពីទីក្រុង ផាន់ថា អារ៉េណាស់ (Punta Arenas) ស្ថិតនៅភាគខាងត្បូងប្រទេសឈីលី។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកជិះទាំង ៣៨នាក់នៅលើយន្តហោះយោធាខាងលើនេះ គឺមាន ១៧នាក់ជាសហសេវិក និង ២១នាក់ទៀតជាអ្នកដំណើរ ដែលមានគោលដៅទៅកាន់ទ្វីបអង់តាក់ទិច ដើម្បីធ្វើការស្រាវជ្រាវ។ អាជ្ញាធរឈីលីអះអាងថា ពេលនេះប្រតិបត្តិការរុករកកំពុងតែប្រព្រឹត្តទៅហើយ ដើម្បីស្វែងរកយន្តហោះ និងអ្នកបាត់ខ្លួន៕