(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ទីបំផុតបានសម្រេចហើយថា នឹងដកច្បាប់អាជ្ញាសឹកដែលត្រូវបានដាក់លើកោះ មីនដាណាវ (Mindanao) ភាគខាងត្បូងប្រទេសហ្វីលីពីន ចេញវិញនៅមុនដំណាច់ឆ្នាំនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។
អ្នកនាំពាក្យលោក ឌូតឺតេ នាថ្ងៃអង្គារនេះបានឲ្យដឹងថា លោកប្រធានាធិបតីហ្វីលីពីនបានសម្រេចចិត្តបែបនេះ ក្រោយទទួលបានលទ្ធផល វាយតម្លៃពីសំណាក់ក្រុមទីប្រឹក្សាសន្តិសុខ និងការពារជាតិរបស់លោក ទៅលើការចុះទន់ខ្សោយកម្លាំងរបស់ពួកភេរវកម្ម និងពួកឧទ្ទាមជ្រុលនិយម បូករួមជាមួយការកម្ចាត់ និងចាប់ខ្លួនមេដឹកនាំរបស់ពួកទាំងនោះ ហើយនិងការថយចុះនៃបទល្មើសផ្សេងៗនៅលើកោះ Mindanao។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា លោក ឌូតឺតេ មានការជឿជាក់ខ្ពស់លើសមត្ថភាព នៃកងកម្លាំងការពារសន្តិសុខរបស់លោក ក្នុងការរក្សាការពារសុខសន្តិភាព និងស្ថិរភាពនៅ Mindanao ដោយពុំចាំបាច់ត្រូវអូសបន្លាយច្បាប់អាជ្ញាសឹកទៀតឡើយ។
គួរជម្រាបថា កោះ Mindanao ទាំងមូលដែលនៅភាគខាងត្បូងហ្វីលីពីន ត្រូវបានលោក ឌូតឺតេ ដាក់ក្រោមច្បាប់អាជ្ញាសឹក ក្នុងដំណាក់កាលដំបូងត្រឹមរយៈពេល ៦០ថ្ងៃ កាលពីខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីក្រុមភេរវករ ម៉ត (Maute) និង អាប៊ូសាយយ៉ាហ្វ (Abu Sayyaf) បានធ្វើសកម្មភាពវាយប្រហារចូលទីក្រុង ម៉ារ៉ាវី (Marawi)។ ក្រោយមក លោក ឌូតឺត បានស្នើឲ្យសភាហ្វីលីពីនបន្តអូសបន្លាយ ការអនុវត្តច្បាប់អាជ្ញាសឹកនៅកោះនេះ ០៣លើកទៀត ដោយលើកចុងក្រោយគឺចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
តាមរយៈរដ្ឋធម្មនុញ្ញឆ្នាំ១៩៨៧ របស់ប្រទេសហ្វីលីពីន អនុញ្ញាតឲ្យប្រធានាធិបតីប្រកាសឲ្យអនុវត្តច្បាប់អាជ្ញាសឹក សម្រាប់រយៈពេលយូរបំផុតត្រឹម ៦០ថ្ងៃ ហើយបើចង់បន្តឲ្យយូរជាងនេះ គឺតម្រូវការអនុម័តយល់ព្រមពីសភាហ្វីលីពីន៕