(វ៉ាស៊ីនតោន)៖ មនុស្ស ០៦នាក់ ក្នុងនោះរួមមានទាំងប៉ូលិសម្នាក់ជនស៊ីវិល ០៣នាក់ និងជនសង្ស័យជាខ្មាន់កាំភ្លើងពីរនាក់ បានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នៅឯទីក្រុងជែសេយ (Jersey) នៃរដ្ឋញូជែសេយ (New Jersey) ភាគឦសានសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។
ភាគច្រើននៃសាកសពជនរងគ្រោះត្រូវបានគេរកឃើញនៅឯផ្សារទំនើប ខូសឺ (kosher grocery) ដែលស្ថិតនៅភាគខាងត្បូងទីក្រុង Jersey បន្ទាប់ពីមានការបាញ់ប្រហារត្រូវបានគេរាយការណ៍។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ NJ.com ប៉ូលិសពីរនាក់ និងជនស៊ីវិលម្នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ពីចេតនា នៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ។
គួរជម្រាបថា បើតាមគេហទំព័រ NJ.com ខ្មាន់កាំភ្លើងពីរនាក់ជាបុរស និងស្ត្រី បានបើកការបាញ់ប្រហារនៅខាងមុខផ្សារទំនើប kosher grocery លើហ្វូងមនុស្សដែលកំពុងដើរឆ្លងកាត់។ ចំណែកឯប៉ូលិសបានអះអាងថា ការបាញ់ប្រហារបានកើតឡើង នៅពេលមន្ត្រីប៉ូលិសម្នាក់ត្រូវបានបាញ់សម្លាប់ កំឡុងដើរចូលទៅជិតមនុស្សម្នាក់ ក្នុងចំណោមជនសង្ស័យទាំងពីរ ដែលមានពាក់ព័ន្ធនឹងការស៊ើបអង្កេតពីបទមនុស្សឃាត ហើយជនសង្ស័យបានឡើងជិះរថយន្ដ ចូលក្នុងផ្សារទំនើបខាងលើតែម្ដង៕