(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកតែងតែអះអាងជារឿយៗថា ភាពរីកចម្រើនបាននិងកំពុងកើតមានឡើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បើទោះជាភស្តុតាងជាច្រើនបង្ហាញថា សង្រ្គាមបច្ចុប្បន្នមិនមានអ្នកឈ្នះ និងមិនមានអ្នកចាញ់ក៏ដោយ។ នេះបើតាមប្រភពពី Washington Post ដកស្រង់ដោយសារព័ត៌មាន Asia Times នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។
កាសែតអាមេរិក Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើឯកសារសម្ភាសន៍មានកម្រាស់ច្រើនជាង ២,០០០ទំព័រ ជាមួយមន្ត្រីយោធា និងការទូតអាមេរិក, បុគ្គលិកផ្ដល់ជំនួយ, មន្ត្រីអាហ្វហ្គានីស្ថាន ព្រមទាំងមនុស្សមួយចំនួនទៀត ដែលមានតួនាទីដោយផ្ទាល់នៅក្នុងសង្រ្គាមអូសបន្លាយ ជិតពីរទសវត្សរ៍មកនេះ។
ឯកសារដដែលបានបញ្ជាក់យ៉ាងដូច្នេះថា «សេចក្ដីថ្លែងការណ៍ ដែលធ្លាប់បានធ្វើឡើង ដោយប្រធានាធិបតីអាមេរិក មេបញ្ជាការយោធា និងការទូត ភាពរីកចម្រើនបាននិងកំពុងកើតមាននៅអាហ្វហ្គានីស្ថាន ប៉ុន្តែតាមពិតទៅសាធារណមតិ ឬប្រជាជនអាមេរិកត្រូវបានគេកុហុក និងបន្លំពីស្ថានភាពជាក់ស្ដែង ដែលសង្រ្គាមអាហ្វហ្គានីស្ថាន ក្លាយជាសង្រ្គាមគ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការយោធា វាយលុកចូលអាហ្វហ្គានីស្ថាន ដើម្បីកម្ចាត់ក្រុមអាល់កៃដា និងផ្ដួលរំលំរដ្ឋាភិបាលតាលីបង់នៅឆ្នាំ២០០១ ក្រោយមានមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំដដែល។ មកទល់សព្វថ្ងៃ ជម្លោះ និងការវាយប្រយុទ្ធនៅតែបន្តកើតមាន ហើយកងទ័ពអាមេរិក ១៣,០០០នាក់ កំពុងឈរជើងនៅអាហ្វហ្គានីស្ថាន ខណៈកិច្ចចរចាសន្តិភាពរវាងតាលីបង់ និងអាមេរិកកំពុងដំណើរការ៕