(នូវែលសេឡង់)៖ ការកើនឡើងនៃសកម្មភាពញ័ររញ្ជួយលើកោះភ្នំភ្លើង White Island បានបង្កភាពរាំងស្ទះដល់កិច្ចប្រឹងប្រែងរបស់អាជ្ញាធរនូវែលសេឡង់ ក្នុងការស្វែងរកមនុស្ស 0៨នាក់ដែលកំពុងបាត់ខ្លួន និងត្រូវគេជឿជាក់ថាបានស្លាប់បាត់ទៅហើយ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងកាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។
ហេតុការណ៍ផ្ទុះភ្នំភ្លើងនៅលើកោះ White Island (កោះពណ៌ស) ភាគខាងជើងប្រទេសនូវែលសេឡង់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានផ្តាច់ជីវិតមនុស្ស ០៦នាក់ ខណៈ០៨នាក់ទៀតបានបាត់ខ្លួន និងត្រូវអាជ្ញាធរសន្និដ្ឋានថា ទំនងជាស្លាប់អស់បាត់ទៅហើយ ព្រោះបើតាមការអង្កេតពីលើអាកាស គេពុំបានប្រទះឃើញសញ្ញានៃជីវិតនៅលើកោះនោះឡើយ។ រីឯមនុស្ស ៣០នាក់ទៀតក៏បានទទួលរងរបួសផងដែរហើយក្នុងនោះ ២៥នាក់កំពុងបន្តស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
ខណៈអាជ្ញាធរនូវែលសេឡង់កំពុងប្រឹងប្រែងពិគ្រោះយោបល់គ្នា ដើម្បីវែកញែកថាតើប្រតិបត្តិការឆ្ពោះទៅកាន់កោះភ្នំភ្លើងនោះ អាចត្រូវធ្វើឡើងបានដែរឬអត់ ក្រុមអ្នកជំនាញបានប្រាប់ថា ស្ថានការណ៍នៅទីនោះអាចនៅតែគ្រោះថ្នាក់ខ្ពស់ដដែល គឺមិនច្បាស់នោះឡើយ ដោយការផ្ទុះភ្នំភ្លើងបន្ថែមទៀតអាចកើតមានឡើងក្នុងកំឡុងពេល ២៤ម៉ោងខាងមុខក៏ថាបាន។
គួរជម្រាបថា មានមនុស្ស ៤៧នាក់ស្ថិតនៅលើកោះ White Island នៅពេលភ្នំភ្លើងបានផ្ទុះឡើង។ ក្នុងចំណោមនោះ ២៤នាក់មកពីអូស្រ្តាលី ០៩នាក់មកពីសហរដ្ឋអាមេរិក ០៥នាក់មកពីនូវែលសេឡង់ផ្ទាល់ ០៤នាក់មកពីអាល្លឺម៉ង់ ០២នាក់មកពីចិន ០២នាក់ទៀតមកចក្រភពអង់គ្លេស និងម្នាក់មកពីម៉ាឡេស៊ី៕