(វ៉ាស៊ីនតោន)៖ ចៅក្រមសហព័ន្ធអាមេរិកម្នាក់នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចេញបទបញ្ជាមួយដើម្បីរារាំងប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការបង្វិលប្រាក់ ៣.៦ពាន់លានដុល្លារ យកទៅសាងសង់ជញ្ជាំងព្រំដែនរវាងអាមេរិក និងម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។
លោក ដេវីដ ប្រ៊ីយ៉ូនស៍ (David Briones) ដែលជាចៅក្រមសហព័ន្ធម្នាក់នៃទីក្រុង អ៊ែលផេសូ (El Paso) នៃរដ្ឋតិចណាស់ (Texas) គឺជាអ្នកចេញបញ្ជាខាងលើនៅក្នុង សេចក្ដីសម្រេចមួយមានកម្រាស់ ២១ទំព័រ ហើយការសម្រេចចិត្តបែបនេះ នឹងបង្កឧបសគ្គដល់រដ្ឋបាលលោក ត្រាំ ដែលបានសន្យាថានឹងសាងសង់ជញ្ជំាងព្រំដែនប្រវែង ៧២៥គីឡូម៉ែត្រ នៅតាមបណ្ដោយព្រំដែនជាប់ម៉ិចស៊ីកូ នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ ពោលគឺចំពេលដែលការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងត្រូវធ្វើឡើង។
លោក ត្រាំ ធ្លាប់បានអះអាងថា ជញ្ជាំងព្រំដែននឹងជួយសហរដ្ឋអាមេរិក ទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់។ ប៉ុន្តែខាងគណបក្សប្រជាធិបតេយ្យ បានថ្កោលទោសយ៉ាងខ្លាំងលើគម្រោងនេះដោយចាត់ទុកវាថា ជារឿងអត់ប្រយោជន៍ និងមិនមានប្រសិទ្ធភាព ព្រមទាំងរំលោភដល់សិទ្ធិជនភៀសខ្លួនផងដែរ។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌អាមេរិក រដ្ឋបាលលោក ត្រាំ ប្ដឹងឧទ្ធរណ៍ជំទាស់នឹងសេចក្ដីសម្រេចខាងលើ។ លោក ដូណាល់ ត្រាំ កាលពីចុងខែកុម្ភៈកន្លងទៅ បានចេញបញ្ជាឱ្យបង្វិលថវិកាពីមន្ទីរបញ្ចកោណ ដើម្បីយកទៅសាងសង់ជញ្ជាំងព្រំដែន បន្ទាប់ពីសភាអាមេរិកមិនព្រមទម្លាក់កញ្ចប់ថវិកា ៥.៧ពាន់លានដុល្លារ តាមការស្នើសុំរបស់លោក៕