(យូអិន)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានព្រមានកូរ៉េខាងជើងអំពីផលវិបាកនានា ដែលប្រទេសមួយនេះនឹងត្រូវជួបប្រទះ ប្រសិនបើហ៊ានបង្កការគំរាមកំហែង ដោយការសាកល្បងអាវុធថ្មីៗនៅក្នុងថ្ងៃឆ្លងឆ្នាំ ហើយភាពប្រែប្រួលនឹងអាចកើតឡើង ប្រសិនបើប្រទេសទាំងពីរនៅបន្តអង្គុយចរចាគ្នា។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។
ដោយសារតែខកចិត្ត ចំពោះការមិនបានបន្ធូរបន្ថយទណ្ឌកម្មបន្ទាប់ពីកិច្ចប្រជុំកំពូលចំនួន ០៣លើកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រទេសកូរ៉េខាងជើងបានប្តេជ្ញាថា អំណោយបុណ្យណូអែលមួយ (អាចជាការតេស្តអាវុធ ឬមីស៊ីលប្រភេទថ្មី) អាចនឹងបញ្ចេញនៅថ្ងៃខាងមុខនេះ ប្រសិនបើអាមេរិកមិនបង្ហាញភាពវិជ្ជមានណាមួយ នៅចុងឆ្នាំ២០១៩ នេះទេនោះ។
គួរបញ្ជាក់ថា ការព្រមានរបស់សហរដ្ឋអាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងដោយអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិលោកស្រី ឃែលលី ក្រាហ្វ (Kelly Craft) ចំពោះការព្រួយបារម្ភខ្លាំងឡើងអំពីសកម្មភាព និងការគំរាមកំហែងជាថ្មីពីសំណាក់ប្រទេសកូរ៉េខាងជើង។ តំណាងអាមេរិកនៅ UN រូបនេះបានបន្តទៀតថា កូរ៉េខាងជើងប្រហែលជាកំពុងរៀបចំធ្វើតេស្តមីស៊ីលអន្តរទ្វីប ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយពិតណាស់ថា វាជាប្រភេទមីស៊ីលដែលត្រូវបានរចនាឡើង ដើម្បីធ្វើការវាយប្រហារទៅដល់ទឹកដីអាមេរិក៕