(ម៉ូស្គូ)៖ ក្រោយការដកខ្លួនចេញពីសន្ធិសញ្ញាហាមឃាត់មីស៊ីល INF ជាមួយសហរដ្ឋអាមេរិកជាផ្លូវការ អស់រយៈពេលជាច្រើនខែមកនេះ ប្រទេសរុស្ស៊ីបានបញ្ចេញនូវមីស៊ីលប្រភេទថ្មីៗ និងការធ្វើតេស្តជាបន្តបន្ទាប់ផងដែរ ខណៈមីស៊ីលប្រភេទធ្ងន់ថ្មីមួយទៀតឈ្មោះ សារម៉េត (Sarmat) ក៏នឹងត្រៀមខ្លួនក្លាយជាអាវុធរបស់ កងកម្លាំងប្រយុទ្ធមួយរបស់រុស្ស៊ីក្នុងពេលឆាប់ៗផងដែរ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។

ជុំវិញផែនការខាងលើនេះដែរ អគ្គមេបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រមីស៊ីលរុស្ស៊ី លោក ស៊ឺហ្គៃ ការ៉ាកេវ (Sergei Karakaev) បានបញ្ជាក់ថា មីស៊ីល Sarmat ត្រូវបានផលិតឡើងដោយក្រុមហ៊ុនក្នុងស្រុក ហើយវាក៏មានសមត្ថភាពលើសពីជំនាន់មុនៗ ដ៏គួរឲ្យកត់សម្គាល់ផងដែរ។ លោក Karakaev បានបន្ថែមទៀតថា គ្រាប់មីស៊ីល Sarmat នឹងត្រូវយកទៅយកទៅបំពាក់ឲ្យ កងកម្លាំងប្រយុទ្ធដោយអាវុធល្បឿនលឿនជាងសំឡេង (hypersonic combat units) នៅក្នុងឆ្នាំ២០២០ ដើម្បីជំនួសមីស៊ីលស៊េរីចាស់។

គួរបញ្ជាក់ថា ទាំងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកសុទ្ធតែកំពុងបង្ហាញអំពី សមត្ថភាពមីស៊ីលយ៉ាងខ្លាំងរាងៗខ្លួន បន្ទាប់ពីការរំលាយចោលនូវសន្ធិសញ្ញា INF ដែលត្រូវបានចុះហត្ថលេខាកាលពីសម័យសង្គ្រាមត្រជាក់។ សម្រាប់គ្រាប់មីស៊ីល Sarmat គឺជាប្រភេទមីស៊ីលផ្លោងឆ្លងទ្វីប (intercontinental ballistic missile) ផងដែរ ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕