(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) ត្រូវបានគេរំពឹងថា នឹងប្រកាសពីការរុះរើ និងបង្កើតគណៈរដ្ឋមន្ត្រីថ្មីនៅថ្ងៃចន្ទនេះ បន្ទាប់ពីគណបក្សអភិរក្សនិយមរបស់លោក ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសកលមុនអាណត្តិកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងការបោះឆ្នោតសភាមុនអាណត្តិកាលពីថ្ងៃទី១២ ខែធ្នូកន្លងទៅ គណបក្សអភិរក្សនិយមទទួលបានអសនៈ ៣៦៤ ក្នុងចំណោមអសនៈសរុប ៦៥០ ហើយដែលនេះគឺជាជ័យជម្នះដ៏ធំមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩៨៧។ មិនតែប៉ុណ្ណោះ តាមរយៈជ័យជម្នះនេះទៀតសោត ក៏នឹងបើកផ្លូវផងដែរឱ្យលោក Johnson នាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅខែមករា ឆ្នាំ២០២០ តាមការពាក្យសន្យា។

គួរបញ្ជាក់ថា បើតាមការគ្រោងទុកលោក Boris Johnson អាចនឹងតែងតាំងរដ្ឋមន្ត្រីថ្មី ទទួលបន្ទុកកិច្ចការប្រទេសវែល និងរដ្ឋមន្ត្រីវប្បធម៌ជំនួសលោក អាឡាន់ ខេនស៍ (Alun Cairns) ដែលបានលាលែងចេញពីតំណែង កំឡុងធ្វើយុទ្ធនាការរកសំឡេងឆ្នោត៕>>>>