(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានអនុម័តហើយលើច្បាប់ស្ដីពីកញ្ចប់ថវិកាយោធាដ៏សម្បើមអស្ចារ្យ ៧៣៨ពាន់លានដុល្លារ ដែលនឹងត្រូវបានប្រើប្រាស់ដោយរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការបង្កើតកងទ័ពអវកាស ក៏ដូចជាទប់ស្កាត់មហិច្ឆតាពង្រីកវិស័យថាមពលរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។
ច្បាប់ស្តីពីវិស័យការពារជាតិ (National Defence Authorisation Act) ឬ NDAA ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ៨៦ ទល់នឹង ០៨សំឡេង ហើយកញ្ចប់ថវិកានេះមានទំហំធំជាងកញ្ចប់ថវិកាយោធា កាលពីឆ្នាំ២០១៨ ដែលមានត្រឹមតែ ៧១៦ពាន់លានដុល្លារ។ កញ្ចប់នេះនឹងត្រូវយកទៅប្រើប្រាស់ផងដែរ ក្នុងសកម្មភាពយោធាជាច្រើន រាប់ចាប់ពីសកម្មភាពយោធានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងការផលិតនាវាចម្បាំង ដើម្បីបង្កើនការស៊ើបការណ៍សំងាត់ប្រឆាំងរុស្ស៊ី ព្រមទាំងអភិវឌ្ឍកងកម្លាំងទ័ពអវកាស ដំបូងបំផុតលើពិភពលោក។
គួរបញ្ជាក់ថា កងទ័ពអាកាសដែលនឹងត្រូវបានបង្កើតឡើង នៅពេលអនាគតដ៏ខ្លីខាងមុនេះ គឺជាកងកម្លាំងទី ៦ នៃវិស័យយោធាអាមេរិក បន្ទាប់ពីកងទ័ពជើងគោក កងទ័ពអាកាស កងនាវា កងម៉ារីន និងឆ្មាំសមុទ្រ។ ដោយឡែកក្រៅតែពីគម្រោងពង្រឹងសមត្ថភាពយោធា ព្រឹទ្ធសភាអាមេរិកក៏បានអនុម័តដែរលើទណ្ឌកម្ម និងបញ្ឈប់គម្រោងសាងសង់បំពង់បង្ហូរប្រេង Nord Stream 2 ដែលមានតម្លៃ ១០.៦ពាន់លានដុល្លាររវាងរុស្ស៊ី និងអាល្លឺម៉ង់ នៅក្រោមសមុទ្របាល់ទិច (Baltic)៕