(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា នៅតែមានពេលវេលាដ៏អស្ចារ្យនៅលើឆាកកិត្តិយស ដើម្បីថ្លែងសារទៅកាន់អ្នកគាំទ្រ បើទោះជាលោកត្រូវបាន សភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បោះឆ្នោតដំណើរការនីតិវិធីដកតំណែងលោកជាផ្លូវការក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។

ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅឯរដ្ឋ មីឈីហ្គែន (Michigan) លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគឺជាមនុស្សដំបូងគេបំផុត ដែលត្រូវបានគេចោទប្រកាន់ និងដំណើរការនីតិវិធីដកតំណែង ទាំងដែលមិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទាំងអស់ ហើយខ្ញុំហ៊ាននិយាយថា បក្សប្រជាធិបតេយ្យបានមើលស្រាល លើនីតិវិធីដកតំណែងប្រធានាធិបតី... ដ្បិតប្រធានាធិបតីគឺជាតំណែងមួយដ៏ពិសិដ្ឋ តើសមដែរឬទេអ្នកដែលកំពុងកាន់តំណែងនេះ ហើយត្រូវបានគេចោទប្រកាន់ ដោយគ្រាន់តែនិយាយទូរស័ព្ទ»

គួរជម្រាបថា ក្រោយការជជែកដេញដោលជាង ៦ម៉ោង សភាតំណាងរាស្ត្របានបោះឆ្នោតអនុម័តលើមាត្រា ១ នៃការចោទប្រកាន់លោក ត្រាំ ពីបទរំលោភអំណាចក្នុងសំឡេងគាំទ្រ ២៣០ ទល់នឹងសំឡេងប្រឆាំង ១៩៧។ ចំណែកឯមាត្រា ២ ដែលចោទប្រកាន់រូបលោកថាបានបង្កឧបសគ្គ ឬរារាំងដល់កិច្ចការស៊ើបអង្កេតរបស់សភា ត្រូវបានបោះឆ្នោតគាំទ្រអនុម័តក្នុងសំឡេងដូចគ្នា ២៣០ ទល់នឹង ១៩៧សំឡេង។

នៅក្នុងប្រវត្តិសាស្ត្រអាមេរិក លោក អាន់ឌ្រូ ចនសុន (Andrew Johnson) និងលោក បៀល គ្លីនតុន (Bill Clinton) គឺជាប្រធានាធិបតីអាមេរិកតែពីរនាក់គត់ ដែលត្រូវបានគេដំណើរការនីតិវិធីចោទការប្រកាន់ ឬទម្លាក់ចេញពីតំណែង (មិនទាន់បានទម្លាក់ទេ) ខណៈលោក រីឆាដ ណិចសុន (Richard Nixon) បានលាពីតំណែងដោយខ្លួនឯង ក្រោយរងការគំរាមកំហែងពីការដំណើរការនីតិវិធីនេះ។ មកទល់នឹងពេលនេះ មិនទាន់មានប្រធានាធិបតីអាមេរិក ណាម្នាក់ត្រូវបានគេដកហូត ឬបណ្ដេញចេញពីតំណែងនោះឡើយ។

ប៉ុន្តែបន្ទាប់ពីការអនុម័តដោយសភាតំណាងរាស្ត្រអាមេរិករួច រឿងក្តីនេះនឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា ដើម្បីបើកសវនាការដែលអាចនឹងប្រព្រឹត្តទៅ នៅខែមករា ឆ្នាំ២០២០ ហើយក៏ជាពេលដែលលោក ត្រាំ មានសង្ឃឹមឡើងវិញដែរ ព្រោះបក្សរបស់លោកមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា។

លោក ដូណាល់ ត្រាំ ត្រូវបានគេចោទប្រកាន់ថាបានរំលោភអំណាចតាមរយៈការដាក់សម្ពាធឱ្យអ៊ុយក្រែន ឱ្យបើកការ ស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក Joe Biden ដែលត្រូវបានគេរំពឹងថានឹងក្លាយជាគូប្រជែងដ៏ធំរបស់លោក នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ៕