(ប៉េកាំង)៖ ចិន ជាថ្មីម្ដងទៀតបានបញ្ជាក់ថា ការបន្ធូរបន្ថយ ឬដកទណ្ឌកម្ម UN មួយចំនួនពីកូរ៉េខាងជើង គឺជាជម្រើសមួយដ៏ល្អ ដើម្បីកាត់បន្ថយភាពតានតឹង និងដោះស្រាយបញ្ហាជាប់គាំងនៃកិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។
ការកត់សម្គាល់ខាងលើធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេសចិន លោក Luo Zhaohui និងចំពេលដែលបេសកជនពិសេស អាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Stephen Biegun នឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Zhaohui បានលើកឡើងដូច្នេះថា៖ «ការដក ឬបន្ធូរបន្ថយទណ្ឌកម្ម គឺជាជម្រើសដ៏ល្អសម្រាប់ស្ថានភាពបច្ចុប្បន្ន ក៏ដូចជាដោះស្រាយភាពជាប់គាំងនៃកិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើង»។ លោកបន្ថែមថាដំណោះស្រាយនយោបាយ នៅតែមានឱកាសសម្រេចបាន បើទោះជាភាពតានតឹង លើឧបទ្វីបកូរ៉េ ចាប់ផ្ដើមកម្រើកឡើងវិញក៏ដោយ។
គួរបញ្ជាក់ថា នៅក្នុងសប្ដាហ៍នេះ ចិន និងរុស្ស៊ី ក៏ត្រូវបានគេរាយការណ៍ផងដែរថាបានព្រាងឡើងនូវដំណោះស្រាយមួយ ដែល គ្រោងដាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងគោលបំណងដកទណ្ឌកម្ម UN មួយចំនួនពីទីក្រុងព្យុងយ៉ាង ក្នុងនោះ រួមមានទាំងទណ្ឌកម្មលើការនាំចេញ និងពលករកូរ៉េខាងជើងធ្វើការនៅក្រៅប្រទេសជាដើម។ ប៉ុន្តែ ទន្ទឹមគ្នា សហរដ្ឋអាមេរិក អះអាងថាបច្ចុប្បន្ន មិនមែនជាពេលត្រូវដក ឬបន្ធូរបន្ថយទណ្ឌកម្មនោះទេ ខណៈទីក្រុងព្យុងយ៉ាង ត្រូវបានគេរំពឹងថានឹងបាញ់ សាកល្បងមីស៊ីលអន្តរទ្វីប ICBM ជាថ្មីឡើងវិញ៕