(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កតត៍ ម័ររីសុន (Scott Morrison) បានសូមអភ័យទោសចំពោះការដែលលោក នាំគ្រួសារដើរកម្សាន្តនៅឯក្រៅប្រទេស ខណៈអូស្ត្រាលីកំពុងប្រឈមមុខនឹងវិបត្តិភ្លើងឆេះព្រៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ លោក Morrison ក៏បានបញ្ជាក់ដែរថា លោកនឹងត្រឡប់មកកាន់ប្រទេសអូស្ត្រាលីវិញ ឱ្យបានលឿនជាទីបំផុតតាមដែលអាចធ្វើទៅបាន។ លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីត្រូវបានគេរាយការណ៍ថា បាននាំក្រុមគ្រួសារទៅដើរលេងកម្សាន្តនៅឯកោះហាវ៉ៃ ចំពេលរដ្ឋញូសោតវែលស៍ (New South Wales) នៅតែកំពុងតស៊ូប្រយុទ្ធ ជាមួយគ្រោះមហន្តរាយភ្លើងឆេះព្រៃ។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ក្រុមបាតុករជាច្រើនបានប្រមូលផ្ដុំគ្នា នៅខាងក្រៅគេហដ្ឋានរបស់លោក Morrison ក្នុងទីក្រុងស៊ីដនី ដើម្បីទាមទារឱ្យលោកចាត់វិធានការ ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុជាបន្ទាន់។ ខណៈពេលនេះ ប្រជាជននៅតំបន់ភាគខាងត្បូងនៃប្រទេស ទទួលបានការព្រមានពីបញ្ហាដាច់ចរន្ដអគ្គិសនី អាកាសធាតុឡើងក្ដៅខ្លាំង និងលក្ខខណ្ឌអាក្រក់នានា ដែលបង្កឡើងដោយភ្លើងឆេះព្រៃ៕