(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតអនុម័តហើយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយកាណាដា និងម៉ិចស៊ីកូ ដែលផ្ដួចផ្ដើមឡើងដោយលោក ដូណាល់ ត្រាំ ដើម្បីជំនួសកិច្ចព្រមព្រៀងចាស់ NAFTA។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNBC នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។
កិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើ ឬហៅកាត់ថា USMCA ត្រូវបានអនុម័ត នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងសំឡេងគាំទ្រ៣៨៥ ទល់នឹង៤១សំឡេង ហើយវានឹងត្រូវបញ្ជូនទៅឱ្យព្រឹទ្ធសភាធ្វើការសម្រេចចិត្តជាបន្ត នៅក្រោយចូលឆ្នាំសកល។ ម្យ៉ាងវិញទៀត បើសិនជាវាត្រូវបានអនុម័តឱ្យក្លាយជាច្បាប់ នោះកិច្ចព្រមព្រៀងនេះនឹងបង្កើតច្បាប់ថ្មីសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេស ទាំងបី គឺអាមេរិក កាណាដា និងម៉ិចស៊ីកូ ក្នុងនោះមានដូចជាការកាត់បន្ថយពន្ធ និងរបាំងពាណិជ្ជកម្មជាដើម។
គួរបញ្ជាក់ថា ការអនុម័តនេះត្រូវបានគេមើលឃើញថាគឺជាជ័យជម្នះមួយរបស់លោក ដូណាល់ ត្រាំ ដែលធ្លាប់បានសន្យានឹងបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយកាណាដា និងម៉ិចស៊ីកូ កំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦។ ប៉ុន្តែ ជ័យជម្នះ នេះទៀតសោត កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសភាតំណាងរាស្ត្របោះឆ្នោតចោទប្រកាន់ដើម្បីដកតំណែងលោក ត្រាំ ពីបទចោទរំលោភអំណាច និងបង្កការរាំងស្ទះដល់ការស៊ើបអង្កេតរបស់សភា ជុំវិញរឿងអាសូ្រវជាមួយអ៊ុយក្រែន ហើយព្រឹទ្ធសភានឹងបើកសវនកាជជែកដេញដោលនៅខែមករា ឆ្នាំ២០២០ខាងមុខនេះ៕