(ហុងកុង)៖ ទីក្រុងហុងកុងកំពុងតែត្រៀមខ្លួនសម្រាប់ការធ្វើបាតុកម្មជាបន្តបន្ទាប់ទៀត ក្នុងសប្តាហ៍នេះដែលជាសប្តាហ៍នៃបុណ្យណូអែល ដោយក្រុមបាតុករគ្រោងបន្តសកម្មភាពតវ៉ា នៅតាមសង្កាត់ជាច្រើនទូទាំងទីក្រុង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។
ចាប់តាំងពីខែមិថុនារហូតមកដល់ឥឡូវ ការធ្វើបាតុកម្មនៅតែកើតមានក្នុងទីក្រុងហុងកុង។ កាលពីថ្ងៃអាទិត្យ ការតវ៉ាបានបញ្ចប់ទៅក្នុងការផ្ទុះហិង្សាប៉ះទង្គិចគ្នារវាងក្រុមបាតុករនិងប៉ូលិស។ ពួកអ្នកតវ៉ាបានវាយទាត់ធាក់ ព្រមទាំងចោលដុំថ្មមកលើប៉ូលិស ខណៈប៉ូលិសបានប្រើឧបករណ៍បាញ់ឲ្យផ្សាភ្នែក ហើយពេលនោះក៏ប៉ូលិសម្នាក់បានដកកាំភ្លើងព្រមានក្រុមបាតុករថែមទៀតផង ប៉ុន្តែមិនបានបាញ់ឡើយ។
សម្រាប់គម្រោងបាតុកម្មក្នុងសប្តាហ៍នេះ នឹងរួមមានការធ្វើសកម្មភាពតវ៉ានាពេលល្ងាចមុនថ្ងៃបុណ្យណូអែលមួយថ្ងៃ នៅតាមផ្សារទំនើបចំនួន៥កន្លែង ព្រមទាំងសង្កាត់ដ៏មមាញឹក Tsim Sha Tsui។ ក្រៅពីនេះ ក្រុមបាតុករក៏កំពុងគ្រោងរៀបចំព្រឹត្តិការណ៍ហៅថា «Suck the Christmas» នៅថ្ងៃបុណ្យណូអែលតែម្តងផងដែរ ដោយពួកគេនឹងចេញធ្វើបាតុកម្មនៅតាមសង្កាត់ជាច្រើន នៅក្នុងទីក្រុងហុងកុង។
គួរជម្រាបថា ចលនាបាតុកម្មក្នុងទីក្រុងហុងកុង នាពេលនេះបានឈានចូលដល់ខែទី៧ហើយ ប៉ុន្តែហាក់មានលក្ខណៈអន់ថយសន្ទុះជាងមុន ហើយក៏មិនសូវមានទ្រង់ទ្រាយធំខ្លាំងដូចមុនប៉ុន្មានដែរ។ ក្រុមបាតុករមានការខឹងសម្បារ ដោយសារតែពួកគេយល់ថា រដ្ឋាភិបាលចិនបានចូលលូកលាន់ក្នុងសិទ្ធិសេរីរបស់ទីក្រុងហុងកុង ខណៈទីក្រុងប៉េកាំងបានច្រានចោលការយល់ឃើញនេះ និងបានបញ្ជាក់ថាចិនប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលអនុវត្តនៅហុងកុង ហើយបានបន្ទោសលើបរទេសថា ជាអ្នកដុតកម្តៅបន្ថែមនៅពីក្រោយចលនាបាតុកម្មក្នុងទីក្រុងហុងកុង៕