(ហ្សាការតា)៖ បញ្ហាជម្លោះជុំវិញផលិតផលប្រេងដូងរវាងឥណ្ឌូណេស៊ី និងសហភាពអឺរ៉ុប បាននិងកំពុងវិវឌ្ឍទៅជាបញ្ហាជម្លោះពាណិជ្ជកម្មកាន់ធំមួយ ដោយផលិតផលមួយចំនួនដែលនាំចូលពីអឺរ៉ុប ត្រូវទទួលរងគ្រោះដោយសារបញ្ហានេះផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Straits Times នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។
ភាពតានតឹងពាណិជ្ជកម្មរវាងភាគីទាំងពីរ បានកើតឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុប បានធ្វើការសន្និដ្ឋានកាលពីខែមីនាថា ប្រេងដូងបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើហួសកំរិត និងមិនគួរត្រូវចាត់ទុកជាផលិតផលប្រកបដោយនិរន្តរភាពឡើយ ដែលមានន័យថា វានឹងមិនត្រូវរាប់ជាធនធានអាចកើតឡើងវិញនោះទេ ហើយនឹងត្រូវបញ្ឈប់ការចម្រាញ់វាទៅជាជីវឥន្ធនៈ សម្រាប់វិស័យដឹកជញ្ជូននៅចន្លោះឆ្នាំ២០២៣ និងឆ្នាំ២០៣០ តែម្តង។
ប្រការនេះធ្វើឲ្យឥណ្ឌូណេស៊ី ដែលជាប្រទេសផលិតប្រេងដូងនាំមុខគេលើពិភពលោក គំរាមចេញវិធានការសងសឹកលើសហភាពអឺរ៉ុបវិញ។ នៅក្នុងលិខិតមួយរបស់ អតីតស្នងការទទួលបន្ទុកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប លោកស្រី សេស៊ីលីយ៉ា ម៉ាល់ស្ត្រូម (Cecilia Malmstrom) ដែលផ្ញើទៅកាន់អតីតរដ្ឋមន្រ្តី ពាណិជ្ជកម្មឥណ្ឌូណេស៊ីគឺលោក អ៊ែងហ្គាធីយ៉ាស្តូ ឡូគីតា (Enggartiasto Lukita) កាលពីខែកញ្ញាកន្លងទៅ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងថា ចាប់តាំងពីដើមឆ្នាំ២០១៩ ប្រទេសឥណ្ឌូណេស៊ីបានច្រានចោលជាបន្តបន្ទាប់ នូវពាក្យស្នើសុំដើម្បីនាំចូលគ្រឿងស្រវឹងជាច្រើនប្រភេទ ពីសហភាពអឺរ៉ុប ដែលវាប្រៀបបានដូចជា ការដាក់បម្រាមមិនផ្លូវការមួយ។ លោកស្រី Malmstrom បាននិយាយថា បទបញ្ជានេះចេញមកពីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីផ្ទាល់។
បន្ថែមពីខាងលើនេះ គិតចាប់ពីខែសីហា ឆ្នាំ២០១៦ ឥណ្ឌូណេស៊ីថែមទាំងបានចាត់វិធានការ ដើម្បីរឹតត្បិតលើផលិតផលផលិតពីទឹកដោះគោរបស់សហភាពអឺរ៉ុប តាមរយៈរារាំងមិនឲ្យអនុម័តការនាំចូលថ្មីៗ និងការគំរាមកំហែងដំឡើងពន្ធបន្ថែមជាដើម។ លោកស្រី Malmstrom បានលើកឡើងថា ការលើកយករឿងក្តីនេះឡើងទៅដល់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយជម្លោះរវាងភាគីទាំងពីរ។
រហូតមកដល់ខែធ្នូ ឆ្នាំ២០១៩ ឥណ្ឌូណេស៊ីក៏បានធ្វើដូច្នោះមែន ដោយទីក្រុងហ្សាការតា បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ WTO។ ដោយឡែកសហភាពអឺរ៉ុបក៏បាន ដាក់ពាក្យតវ៉ារបស់ខ្លួនទៅកាន់ អង្គការពាណិជ្ជកម្មពិភពលោក កាលពីចុងខែវិច្ឆិកាដែរ ជុំវិញការរឹតត្បិតរបស់ឥណ្ឌូណេស៊ី លើការនាំចេញរ៉ែនីកែល ហើយ EU ក៏បានដំឡើងពន្ធទៅលើជីវឥន្ទនៈ (Biodiesel) របស់ឥណ្ឌូណេស៊ីក្នុងខែធ្នូ នេះថែមទៀត។
យោងតាមគណៈកម្មការអឺរ៉ុបបានឱ្យដឹងថា ទីផ្សារជីវឥន្ធនៈរបស់សហភាពអឺរ៉ុប មានតម្លៃប្រមាណ ៩ពាន់លានអឺរ៉ូ (១៣.៥ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ដោយក្នុងនោះការនាំចូលពីប្រទេសឥណ្ឌូណេស៊ី មានតម្លៃប្រហែល ៤០០លានអឺរ៉ូ។ កាលពីឆ្នាំមុនសហភាពអឺរ៉ុបបានប្រើប្រាស់ប្រេងដូង អស់ជាង០៧លានតោន ដោយក្នុងនោះ ៦៥ភាគរយ ត្រូវបានប្រើសម្រាប់វិស័យថាមពល។
មន្ត្រីម្នាក់នៃក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីកាលពីខែមេសា ឆ្នាំ២០១៩នេះ បានទទួលស្គាល់ថាពិតជាមានការពន្យារពេលក្នុងការផ្តល់ អាជ្ញាប័ណ្ណនាំចូលគ្រឿងស្រវឹងពីអឺរ៉ុបមែន ប៉ុន្តែបានបញ្ជាក់ថា វាមិនមែនជាការសងសឹកចំពោះផែនការរបស់សហភាពអឺរ៉ុបលើប្រេងដូងទេ ដោយថាវាមកពីបញ្ហាទីផ្សារ។
ជុំវិញបញ្ហាខាងលើរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីលោក អាហ្គូស ស៊ូផាម៉ាន់តូ (Agus Suparmanto) ដែលត្រូវបានតែងតាំងកាលពីខែតុលា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ខណៈអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ជែរី សាំប៊ួហ្គា (Jerry Sambuaga) បានបដិសេធចំពោះការធ្វើ អត្ថាធិប្បាយអ្វីទាំងអស់តែម្តង។ យ៉ាងណាមិញ មន្ត្រីនៅក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បានព្រមានថា «ប្រទេសឥណ្ឌូណេស៊ី បាននិងកំពុងត្រៀមលក្ខណៈដើរចេញពី កិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប ដោយសារតែការយល់ឃើញរបស់សហភាពអឺរ៉ុប ចំពោះប្រេងដូង»។
ដោយឡែកលោក វីនសិន ភីខេត (Vincent Piket) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅឥណ្ឌូណេស៊ី និងព្រុយណេបាននិយាយថា កិច្ចចរចាពាណិជ្ជកម្មសេរី និងបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក គឺជាបញ្ហាដាច់ដោយឡែកពីគ្នា ហើយលោកបានជំរុញឱ្យភាគីទាំងពីរ ប្រកាន់ខ្ជាប់ជានិច្ចនូវច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងការធ្វើពាណិជ្ជកម្ម។
បើតាមមន្រ្តីឧស្សាហកម្មចំណីអាហារឥណ្ឌូណេស៊ី អឺរ៉ុបផ្គត់ផ្គង់ប្រហែល ៣០ភាគរយនៃទីផ្សារផលិតផលធ្វើពីទឹកដោះគោរបស់ឥណ្ឌូណេស៊ី ហើយបានបន្ថែមថា អ្នកនាំចូលអាចស្វែងរកអ្នកផ្គត់ផ្គង់ជំនួសថ្មីបាន បើទោះបីជាលក្ខណៈផលិតផល និងកិច្ចសន្យាអាចមានភាពស្មុគស្មាញក៏ដោយ។
បន្ថែមពីខាងលើនេះលោក ចូកូ ស៊ូព្រីយ៉ូណូ (Joko Supriyono) ប្រធានសមាគមប្រេងដូងឥណ្ឌូណេស៊ី បានប្រាប់អ្នកយកព័ត៌មាននានាកាលពីពេលថ្មីៗនេះថា ការគំរាមកំហែងពីអឺរ៉ុបពិតជាធ្ងន់ធ្ងរណាស់ សម្រាប់ឧស្សាហកម្មប្រេងដូង នៃប្រទេសឥណ្ឌូណេស៊ី ដូច្នេះហើយឥណ្ឌូណេស៊ីត្រូវតែក្លាហាន ក្នុងការប្រើប្រាស់ឧបករណ៍ផ្នែកពាណិជ្ជកម្ម ដើម្បីសងសឹកប្រឆាំងទៅលើផលិតផលកសិកម្មរបស់អឺរ៉ុប៕