(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលកាដូបុណ្យណូអែលពីកូរ៉េខាងជើង ខណៈមានការព្រួយបារម្ភជាច្រើនថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់សាកល្បង មីស៊ីលបាលីស្ទីកអន្តរទ្វីប ICBM ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅឯរម្មណីយដ្ឋាន ម៉ាអេឡាហ្គោ (Mar-a-Lago) នៅថ្ងៃអង្គារសប្ដាហ៍នេះក្រោយត្រូវបានអ្នកសារព័ត៌មានសួរថា តើលោកនឹងឆ្លើយតបដូចម្ដេច បើសិនជាកូរ៉េខាងជើងធ្វើតេស្ដមីស៊ីល ICBM ពិតមែន? លោកប្រធានាធិបតីបានគូសបញ្ជាក់តបវិញថា «យើងបានមើលឃើញថា នឹងមានភាពភ្ញាក់ផ្អើលអ្វីកើតឡើង ហើយយើងដោះស្រាយវាប្រកបដោយជោគជ័យ... ប៉ុន្តែនរណាទៅដឹងថា កាដូបុណ្យណូអែលរបស់កូរ៉េខាងជើង អាចជាអំណោយដ៏ស្រស់ស្អាត ឬក៏លោក គីម អាចនឹងផ្ញើកន្ត្រកផ្កាដ៏ស្រស់ស្អាតមកឱ្យខ្ញុំ ជំនួសការបាញ់សាកល្បងមីស៊ីលក៏បាន។ ដូច្នេះយើងមានតែរង់ចាំមើលតែប៉ុណ្ណោះ»។
គួរជម្រាបថា នៅដើមខែធ្នូនេះកូរ៉េខាងជើងបានព្រមានថា ខ្លួននឹងផ្ញើកាដូបុណ្យណូអែល ឱ្យសហរដ្ឋអាមេរិកបន្ទាប់ពីលោក គីម ជុងអ៊ុន ទុកពេលឱ្យលោក ត្រាំ រហូតដល់ចុងឆ្នាំនេះ ដើម្បីផ្ដល់សម្បទានបន្ថែមឱ្យទីក្រុងព្យុងយ៉ាង ដើម្បីកិច្ចចរចានុយក្លេអ៊ែរឡើងវិញ។ ប៉ុន្តែមកទល់នឹងពេលនេះ លោក ត្រាំ ផ្ទាល់មិនបានបង្ហាញពីសញ្ញាវិជ្ជមានណាមួយទេ ស្របពេលយោធាអាមេរិកជាន់ខ្ពស់ជាច្រើននាក់បានព្រមានថា កូរ៉េខាងជើងអាចនឹងធ្វើតេស្ដមីស៊ីល ICBM ឬក៏អាវុធនុយក្លេអ៊ែរជាថ្មី៕