(ម៉ូស្គូ)៖ មនុស្សយ៉ាងតិច ០៦នាក់បានទទួលរងរបួស បន្ទាប់ពីឧទ្ធម្ភាគចក្ររុស្ស៊ីមួយគ្រឿងធុន Mi-8 បានបង្ខំចិត្តទម្លាក់ខ្លួនចុះទៅលើដី នៅឯភាគកណ្តាលប្រទេសរុស្ស៊ីក្រោយជួបបញ្ហា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសរុស្ស៊ីផ្ទាល់ ឧទ្ធម្ភាគចក្រខាងលើបានធ្លាក់ចុះមកក្រោមវិញ ពេលកំពុងព្យាយាមហោះឡើងចេញ ពីមូលដ្ឋានមួយនៅចំណុចហៅថា បាយឃីត (Baykit) នៃតំបន់ក្រាសណូយ៉ាស (Krasnoyarsk) ភាគកណ្តាលរុស្ស៊ី ដោយគ្រានោះព្យុះព្រិលកួចមួយបានធ្វើឲ្យកន្ទុយរបស់ ឧទ្ធម្ភាគចក្រទទួលរងការខូចខាត។ នៅពេលធ្លាក់ចុះមកលើដី ដែលគ្របដណ្តប់ដោយព្រិល ឧទ្ធម្ភាគចក្រនោះដែលស្ថិតក្រោមកម្មសិទ្ធិ នៃក្រុមហ៊ុនអាកាសចរណ៍ Krasnoyarsk Airlines បានរងការខូចខាតខ្លាំងថែមទៀត ប៉ុន្តែមិនបានផ្ទុះឆេះនោះទេ។
គួរជម្រាបថា ពីដំបូងឡើយមានសេចក្តីរាយការណ៍ថា មនុស្សតែ ០៣នាក់ប៉ុណ្ណោះបានរងរបួស ហើយមានមនុស្សសរុប ២៥នាក់បានជិះលើឧទ្ធម្ភាគចក្រនោះ តែយោងតាមព័ត៌មានអាប់ដេតចុងក្រោយ មនុស្សសរុបរហូតដល់ ០៦នាក់បានរងរបួសធ្ងន់ ដោយក្នុងនោះ ០៤នាក់កំពុងស្ថិតក្រោមការព្យាបាលដោយក្រុមគ្រូពេទ្យ និង ០២នាក់ទៀតកំពុងត្រូវឆ្លងកាត់ការវះកាត់ ខណៈមនុស្សផ្សេងទៀតគឺមានសុវត្ថិភាព ឬរងរបួសតិចតួចប៉ុណ្ណោះ៕