(ហ្គាហ្សា)៖ ការវាយប្រហារតាមផ្លូវអាកាស ដែលបានសម្លាប់មនុស្ស៩នាក់ ក្នុងសមាជិកគ្រួសារតែមួយនៅឯតំបន់ហ្គាហ្សា ដែនដីប៉ាឡេស្ទីន គឺដោយសារតែការវាយតម្លៃខុសពីហានិភ័យដល់ជនស៊ីវិល។ នេះជាការទទួលស្គាល់របស់យោធាអ៊ីស្រាអែល ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។

យោងតាម Al Jazeera ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល បានកើតឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយមានគោលដៅលើផ្ទះរបស់បុរសម្នាក់ឈ្មោះ Rasmi Abu Malhous ដែលជាបុគ្គលិកបម្រើការឱ្យអាជ្ញាធរប៉ាឡេស្ទីន ក្នុងតំបន់ហ្គាហ្សា និងផ្ទះប្អូនប្រុសរបស់លោក ឈ្មោះ Mohamed នៅតំបន់ Deir al-Balah។ ជាលទ្ធផល ប្រតិបត្តិការនោះបានផ្ដាច់ជីវិតមនុស្ស៩នាក់ ក្នុងនោះរួមមានទាំងកុមារ៥នាក់ផងដែរ។

គួរជម្រាបថា ជនរងគ្រោះទាំង៩នាក់ខាងលើ គឺស្ថិតនៅក្នុងចំណោមជនរងគ្រោះប៉ាឡេស្ទីន ៣៤នាក់ ដែលត្រូវបានសម្លាប់ដោយសារអ៊ីស្រាអែលលើតំបន់ហ្គាហ្សា ខណៈជនជាតិអ៊ីស្រាអែល ៦៣នាក់ ក៏បានរងរបួសផងដែរ ដោយសារគ្រាប់រ៉ុក្កែតបាញ់ចេញពីតំបន់ហ្គាហ្សា៕