(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វូ កៀន (Wu Qian) បានជំរុញឱ្យសហរដ្ឋអាមេរិក កុំអនុវត្តនូវមាត្រានៃច្បាប់ស្ដីពីវិស័យការពារជាតិឆ្នាំ២០២០ (NDAA) ដែលបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Wu បាននិយាយថា មាត្រាដែលបង្កផលប៉ះពាល់អវិជ្ជមានដល់ចិន គឺពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ហុងកុង និងតំបន់ស៊ីនជាំង ដែលសុទ្ធសឹងតែជាកិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំង។ អ្នកនាំពាក្យរូបនេះបន្ថែមថា ចំណុចអវិជ្ជមានទាំងនោះក៏ឆ្លុះបញ្ចំងផងដែរ អំពីគំនិតចង់បង្កសង្រ្គាមត្រជាក់ ដោយសំអាងលើការចោទប្រកាន់ថា ចិនបង្កការគំរាមកំហែងខាងយោធា។
លោក Wu បានគូសបញ្ជាក់យ៉ាងថា «យើងជំរុញឱ្យសហរដ្ឋអាមេរិក បោះបង់ចោលគំនិតចង់បង្កសង្រ្គាម និងបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិន តាមរយៈការមិនអនុវត្តនូវមាត្រានៃច្បាប់ NDAA ដែលបង្កផលអវិជ្ជមានដល់ចិន ដើម្បីថែរក្សាទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងយោធាដ៏ល្អរវាងប្រទេសទាំងពីរ»។
គួរជម្រាបថា ច្បាប់ស្ដីពីវិស័យការពារជាតិឆ្នាំ២០២០ NDAA របស់លោក ដូណាល់ ត្រាំ ត្រូវបានសភាទាំងពីរអនុម័តនៅក្នុងខែធ្នូនេះ ជាមួយការទម្លាក់កញ្ចប់ថវិកាយោធា ដ៏ច្រើនមហិមាដល់ទៅ ៧៣៨ពាន់លានដុល្លារយកទៅប្រើប្រាស់សម្រាប់ បម្រើសកម្មភាពយោធាអាមេរិក ជាច្រើនមុខងារនៅលើពិភពលោក និងបង្កើតកងទ័ពអវកាស ដែលមានគោលដៅទប់ស្កាត់ឥទ្ធិពលចិន និងរុស្ស៊ីនៅទីអវកាស៕