(អាម៉ាធី)៖ អាជ្ញាធរកាហ្សាក់ស្ថានបានឲ្យព័ត៌មានបន្ថែមថា ចំនួនមនុស្សបានកើនដល់យ៉ាងហោច ១៤នាក់ នៅក្នុងករណីធ្លាក់យន្តហោះ មួយគ្រឿងរបស់អាកាសចរណ៍ប៊ែកអ៊ែរ (Bek Air) នៅទីក្រុងអាល់ម៉ាធី (Almaty) ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនបំផុត នៅប្រទេសកាហ្សាក់ស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT សៀលនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩។
ក្រៅពីមនុស្សស្លាប់ទាំង ១៤នាក់ មនុស្សយ៉ាងតិច ២២នាក់ទៀតបានរងរបួសធ្ងន់។ គណៈកម្មាធិការអាកាសចរណ៍ស៊ីវិលរបស់កាហ្សាក់ស្ថាន បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា យន្តហោះខាងលើដែលដឹកមនុស្សសរុប ១០០នាក់ ដែលមានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី ណួរស៊ុលតាន់ (Nur-Sultan) នៃប្រទេសកាហ្សាក់ស្ថាន បានបាត់បង់ការគ្រប់គ្រងរយៈកម្ពស់របស់វា កំឡុងការព្យាយាមហោះឡើង ចេញពីអាកាសយានដ្ឋានក្នុងទីក្រុង Almaty ហើយក៏បានធ្លាក់ទៅបុកអគារកម្ពស់ពីរជាន់មួយខ្នង ប៉ុន្តែមិនបានបង្កឲ្យមានការផ្ទុះឆេះឡើយ។
គួរជម្រាបថា យោងតាមសាក្សីនៅអាកាសយានដ្ឋាននៃទីក្រុង Almaty គេសង្កេតឃើញមានការចុះអ័ព្ទយ៉ាងក្រាស់នៅក្នុងតំបន់ នាកំឡុងពេលដែលគ្រោះថ្នាក់ ធ្លាក់យន្តហោះខាងលើនេះបានកើតឡើង ប៉ុន្តែមូលហេតុនៃការធ្លាក់ពិតប្រាកដ នៅមិនទាន់អាចដឹងច្បាស់ភ្លាមៗនោះទេ។ ជាមួយគ្នានេះដែរ យន្តហោះធុន Fokker 100 ទាំងអស់ នៅទូទាំងប្រទេសកាហ្សាក់ស្ថាន ដែលជាប្រភេទយន្តហោះដែលបានធ្លាក់ ត្រូវបានផ្អាកការហោះហើរជាបណ្តោះអាសន្នសិន ដោយត្រូវរង់ចាំលទ្ធផលនៃការស៊ើបអង្កេត៕