(កៀវ)៖ អនុរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសលោកបានចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីទិញយកមីស៊ីលប្រឆាំងរថក្រោះឈ្មោះ Javelin បន្ថែមពីទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩។
លោក Anatolii Petrenko ដែលជាអនុប្រមុខការពារជាតិរបស់អ៊ុយក្រែន ទើបតែបានឲ្យដឹងថា អំឡុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៩នេះ ក្រសួងការពារជាតិអ៊ុយក្រែនបានសម្រេចចុះកិច្ចព្រមព្រៀងមួយដើម្បីទិញមីស៊ីលប្រឆាំងរថក្រោះ Javelin បន្ថែមទៀតពីសហរដ្ឋអាមេរិក។ បើតាមលោក Petrenko ក្រសួងការពារជាតិអ៊ុយក្រែនក៏បានបញ្ជាទិញមីស៊ីលមានមុខងារដូចគ្នា ពីក្រុមហ៊ុននៅអ៊ុយក្រែនផ្ទាល់ផងដែរ។
កាលពីខែតុលាកន្លងទៅ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខនៃក្រសួងការពារជាតិអាមេរិក បានប្រកាសថា អ៊ុយក្រែនទទួលបានការអនុញ្ញាតដើម្បីទិញមីស៊ីលសរុប១៥០ដើម ក្នុងតម្លៃជិត៤០លានដុល្លារពីអាមេរិក។ កាលពីខែមេសា ឆ្នាំ២០១៨ អ៊ុយក្រែនទទួលបានមីស៊ីល Javelin ជាលើកដំបូង ក្រោយទិញក្នុងតម្លៃខ្ទង់៤៧លានដុល្លារ។ វាជាផលិតផលរួមរបស់ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Raytheon និង Lockheed Martin។
គួរជម្រាបថា រុស្ស៊ីធ្លាប់បានព្រមានជាដដែលៗទៅកាន់សហគមន៍អន្តរជាតិ ប្រឆាំងនឹងការផ្គត់ផ្គង់សព្វាវុធឲ្យអ៊ុយក្រែន ជាមួយការលើកហេតុផលថា ទង្វើបែបនេះនឹងធ្វើឲ្យវិបត្តិជម្លោះប្រដាប់អាវុធនៅភាគខាងកើតអ៊ុយក្រែនកាន់តែអាក្រក់៕