(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានប្រទេសរុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់កុំឱ្យបង្កគ្រោះថ្នាក់ ឬសម្លាប់ជនស៊ីវិលនៅក្នុងខេត្ត អ៊ីដលីប (Idlib) ប្រទេសស៊ីរី ជាទីដែលកងកម្លាំងរដ្ឋាភិបាលប្រធានាធិបតីលោក បាស្សា អាល់ អាសាដ កំពុងបើកការវាយលុក ដើម្បីដណើ្ដមខេត្តមួយនេះពីក្រុមឧទ្ទាមស៊ីរីមកវិញ ក្រោមការគាំទ្រដោយការវាយប្រហារ តាមផ្លូវអាកាសរបស់យន្ដហោះចម្បាំងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការព្រមានបែបនេះ នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់កំពុងសម្លាប់ ឬកំពុងស្ថិតនៅលើផ្លូវទៅសម្លាប់ជនស៊ីវិលស្លូតត្រង់ស៊ីរី នៅក្នុងខេត្ត Idlib។ តែកុំធ្វើរឿងបែបនេះឱ្យសោះ ខណៈតួកគីកំពុងប្រឹងប្រែងបញ្ឈប់ ការសម្លាប់រង្គាលបែបនេះ»។
គួរបញ្ជាក់ថា ខេត្ត Idlib គឺជាមូលដ្ឋានរឹងមាំចុងក្រោយបំផុតមួយរបស់ក្រុមឧទ្ទាមស៊ីរី ដែលកំពុងរងការវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធាប់ ពីសំណាក់កងកម្លាំងរុស្ស៊ី និងស៊ីរី។ ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាសាដ បានសន្យាថា នឹងវាយយកខេត្តមកគ្រប់គ្រងទាំងស្រុងវិញឱ្យបាន ប៉ុន្តែទន្ទឹមគ្នាជនស៊ីវិលរាប់រយនាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់ប្រទេសទាំងពីរ ហើយមនុស្ស ៥០០,០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែក៕