(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីននឹងតម្រូវឱ្យជនជាតិអាមេរិកកាំង ត្រូវតែមានទិដ្ឋាការ ឬ Visa មុននឹងចង់ចូលមកក្នុងប្រទេសហ្វីលីពីន ក្នុងករណីដែលទីក្រុងវ៉ាស៊ីនតោន ហាមឃាត់មន្ត្រីហ្វីលីពីនមានជាប់ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួន សមាជិកព្រឹទ្ធសភាបក្សប្រឆាំងលោកស្រី លៃឡា ដឺ លីម៉ា (Leila de Lima) ចូលក្នុងសហរដ្ឋអាមេរិកនោះ។ នេះបើតាមអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩។

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ គឺលោក សាលវ៉ាដ័រ ផេណេឡូ (Salvador Panelo) បានគូសបញ្ជាក់ដូច្នេះថា «បើសិនជាសហរដ្ឋអាមេរិក ហាមឃាត់មន្ត្រីហ្វីលីពីនចូលទឹកដីអាមេរិក ដោយសារតែហេតុផលចាប់ឃុំខ្លួនលោកស្រី Lima ដោយស្របច្បាប់នោះ រដ្ឋាភិបាលទីក្រុងម៉ានីលនឹងតម្រូវ ឱ្យជនជាតិអាមេរិកកាំងទាំងអស់ ដែលមានបំណងចូលក្នុងប្រទេសហ្វីលីពីនធ្វើការស្នើសុំ និងដាក់ទិដ្ឋាការជាមុនសិន»។
ការប្រកាសរបស់លោក Panelo ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានចុះហត្ថលេខាលើច្បាប់កញ្ចប់ថវិកាឆ្នាំ២០២០ ដែលរួមមានបញ្ចូលទាំងការដាក់បម្រាមចូលសហរដ្ឋអាមេរិក លើមន្ត្រីហ្វីលីពីនទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការឃុំខ្លួនលលោកស្រី Lima។ លោកស្រី Lima ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារពីបទទាក់ទងនឹងគ្រឿងញៀន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧ មកម្ល៉េះ។

គួរបញ្ជាក់ថា ជាធម្មតាពលរដ្ឋអាមេរិក ដែលមានបំណងចូល ឬមកកម្សាន្តប្រទេសហ្វីលីពីនក្នុងរយៈពេល ៣០ថ្ងៃ ឬតិចជាងនេះមិនចាំបាច់មានវីសា សម្រាប់ការធ្វើដំណើរឡើយ បើសិនជាពួកគេមានលិខិតឆ្លងដែនអាមេរិកមានសុពលភាព ព្រមទាំងមានសំបុត្រយន្ដហោះទៅ និងមកមានសុពលភាព៕