(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមអ្នកទេសចរ និងប្រជាជនក្នុងតំបន់សរុបរាប់ពាន់នាក់ បាននិងកំពុងជាប់គាំងចេញទៅណាក៏មិនរួច នៅលើឆ្នេរមួយកន្លែងស្ថិតនៅក្នុងទីក្រុង ម៉ាឡាខូអូតា (Mallacoota) នៃរដ្ឋវិចតូរៀ (Victoria) ប្រទេសអូស្ត្រាលី ខណៈភ្លើងឆេះព្រៃកំពុងឡោមព័ទ្ធឆ្នេរទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយនេះ។

២៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានរឹបអូសកប៉ាល់មួយគ្រឿងដែលសង្ស័យថា លួចរត់ពន្ធប្រេងដោយខុសច្បាប់ ដោយបានឃាត់ខ្លួននាវិកជាជនជាតិម៉ាឡេស៊ី ១៦នាក់។

៣៖ ក្រុមហ៊ុនអាកាសចរណ៍តួកគី Turkish Airlines និងក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បានព្រមព្រៀងគ្នាជុំវិញការ ផ្តល់សំណងសម្រាប់ការខាតបង់ ដែលបណ្តាលមកពីការបញ្ឈរជើងប្រតិបត្តិការរបស់យន្តហោះ Boeing 737 MAX ជាច្រើនខែកន្លងមក ក្រោយហេតុការណ៍ធ្លាក់យន្តហោះស៊េរីនេះពីរគ្រឿងនៅឥណ្ឌូណេស៊ី និងនៅអេត្យូពីរ ដែលផ្តាច់ជិវិតអ្នកដំណើររាប់រយនាក់។

៤៖ សភាតៃវ៉ាន់នៅថ្ងៃអង្គារនេះ បានអនុម័តច្បាប់ថ្មីមួយទៀតហើយ ស្ថិតក្នុងគោលដៅទប់ស្កាត់នូវការគំរាមកំហែងនានាពីប្រទេសចិន ជាពិសេសការលូកលាន់ចូល រឿងនយោបាយរបស់ដែនដីកោះមួយនេះ ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ អាណត្តិថ្មីនឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

៥៖ កប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ប្រទេសក្រិច បានរងការវាយប្រហារពីក្រុមចោរសមុទ្រនៅក្បែរប្រទេសកាមេរូន ភាគខាងលិចនៃទ្វីបអាហ្រ្វិក ហើយនាវិកចំនួន ០៨នាក់នៅលើកប៉ាល់នោះ ត្រូវបានក្រុមចោរចាប់ជំរិតយកទៅ។

៦៖ ផ្កាយរណបជប៉ុនឈ្មោះ ស៊ូបាម (Tsubame) ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីកំណត់ត្រាពិភពលោក Guiness World Records បន្ទាប់ពីពេលកន្លងទៅនេះ វាសម្រេចបាននូវរយៈកម្ពស់ធ្វើប្រតិបត្តិការ ដែលទាបជាងគេបំផុតមិនធ្លាប់មាន៕