(បាកដាដ)៖ ក្រុមបាតុករជាច្រើននាក់ ដែលខឹងសម្បារយ៉ាងខ្លាំងចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក លើមូលដ្ឋាន កងជីវពលអ៊ីរ៉ាក់មួយក្រុម គាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារលើបរិវេណស្ថានទូតអាមេរិក ប្រចាំទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃអង្គារនេះ ហើយភ្លាមៗ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទទីក្រុងតេហេរ៉ង់ត្រង់ៗតែម្ដងថាជាអ្នករៀបចំការវាយប្រហារនេះ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។​

ឆ្លើយតបទៅនឹងការវាយប្រហារខាងលើ កងទ័ពអាមេរិកបានសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ដែលនាំគ្នាដុតភ្លើង ព្រមទាំងគុបដុំថ្មលើរបង និងចូលទៅក្នុងស្ថានទូត។ មកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីការចាប់ខ្លួនបាតុករ ឬអ្នករងរបួស ណាម្នាក់នោះទេ។ ប៉ុន្តែ ក្រោយទទួលបានដំណឹងភ្លាមៗ លោក ដូណាល់ ត្រាំ បានចោទថាអ៊ីរ៉ង់គឺជាអ្នករៀបចំការវាយប្រហារនេះ ហើយក៏បានព្រមានដែរថាទីក្រុងតេហេរ៉ង់ នឹងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះទង្វើបែបនេះ។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យ កន្លងទៅ សមាជិកកងជីវពល Kataib Hezbollah គាំទ្រដោយអ៊ីរ៉ង់ យ៉ាងហោចណាស់២៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ និងភាគខាងកើតប្រទេសស៊ីរី ជាការសងសឹកទៅនឹង ការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ក្នុងទីក្រុង Kirkuk ដែលបានផ្ដាច់ជីវិតមន្ត្រីស៊ីវិលអាមេរិកម្នាក់កាលពីថ្ងៃសុក្រ។ ប៉ុន្តែ ប្រជាជនអ៊ីរ៉ាក់ មានការខឹងសម្បារយ៉ាងខ្លាំង រីឯនាយករដ្ឋមន្ត្រី លោក Adel Abdul Mahdi ក៏បានអះអាងដែរថាការវាយប្រហាររបស់អាមេរិក គឺជាទង្វើរំលោភ លើអធិបតេយ្យភាពនៃប្រទេសរបស់លោក ហើយថាលោកនឹងពិនិត្យឡើងនូវទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ទៀតផង៕