(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានព្រមានធ្ងន់ៗថា លោកនឹងលុបចោលការផ្អាកសកម្មភាពតេស្ដអាវុធនុយក្លេអ៊ែរ ដែលទីក្រុងព្យុងយ៉ាងធ្លាប់បានសន្យា និងប្រតិបត្តិការយ៉ាខ្ជាប់ខ្ជួនកន្លងមក ហើយនឹងចាប់ផ្ដើមអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មីមួយ ដើម្បីការពារសន្តិសុខជាតិ រហូតទាល់តែសហរដ្ឋអាមេរិក បញ្ឈប់សកម្មភាពអរិភាពប្រឆាំងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ចូសាន់ អ៊ីលបូ (Chosun Ilbo) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០។

ការព្រមានបែបនេះរបស់លោក គីម ជុងអ៊ុន ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គ នៃគណបក្សពលករកូរ៉េ និងត្រូវបានដកស្រង់សម្ដីដោយសារព័តមានរដ្ឋ KCNA ដែលបានបញ្ជាក់ថា មេដឹកនាំកំពូលកូរ៉េខាងជើងក៏បានសង្កត់ធ្ងន់ អំពីការរំសាយអាវុធនុយក្លេអ៊ែរ ឬស្ថានភាពនៅលើឧបទ្វីបកូរ៉េ គឺអាស្រ័យលើទង្វើរបស់សហរដ្ឋអាមេរិកនៅពេលអនាគត។ ស្ថិតនៅក្នុងកិច្ចប្រជុំ លោក គីម បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីក្រុងព្យុងយ៉ាងនឹងបន្តអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មី ដើម្បីការពារសន្តិសុខជាតិ ហើយពិភពលោកនឹងបានភ្លឺភ្នែកដោយសារអាវុធថ្មីនេះ នៅពេលអនាគត។ យើងមិនអាចបោះបង់ចោលសន្តិសុខជាតិ ដែលជាអនាគតរបស់យើង ជាថ្នូរនឹងការទទួលមកវិញនូវសម្បទានសេដ្ឋកិច្ចនោះទេ»

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន មិនបានបញ្ជាក់លម្អិតថា អាវុធយុទ្ធសាស្ត្រថ្មីនោះគឺជាអ្វីឱ្យប្រាកដនោះទេ តែគេជឿជាក់ថាអាចជាមីស៊ីល បាលីស្ទីគអន្តរទ្វីប ឬក៏មីស៊ីលបាញ់ចេញពីនាវាមុជទឹក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ ម្យ៉ាងវិញទៀតលោក គីម នៅមិនទាន់ថ្លែងសារ ចូលឆ្នាំថ្មីនៅឡើយទេ ហើយការព្រមានរបស់លោកបែរជាធ្វើឡើង នៅក្នុងកិច្ចប្រជុំបក្សពលករទៅវិញ ខណៈគេសង្ស័យថា នេះអាចជាលុបចោល ឬពន្យារពេលថ្លែងសារចូលឆ្នាំថ្មី ដែលមិនធ្លាប់មានក្នុងរយៈពេល ៣៣ឆ្នាំមកនេះ៕