(ពិភពលោក)៖ បាតុកម្មតវ៉ាបានផ្ទុះឡើងស្ទើតែនៅទូទាំងពិភពលោក ក្នុងឆ្នាំ២០១៩នេះ ដោយសូម្បីតែទ្វីបអង់តាក់ទិច ក៏មានបាតុកម្ម ដែលរៀបចំឡើងដោយសកម្មជនការពារបរិស្ថាន ដើម្បីប្រឆាំងនឹងបម្រែប្រួលអាកាសធាតុផងដែរ។ បាតុកម្មតវ៉ា បានផ្ទុះឡើងចាប់ពី ទីក្រុងហុងកុង រហូតដល់មជ្ឈិមបូព៌ា និងចាប់ពីអាហ្វ្រិកខាងជើង ដល់អឺរ៉ុប និងអាមេរិកឡាទីន ហើយការតវ៉ាមួយចំនួនថែមទាំងបាន បង្ខំឱ្យប្រធានាធិបតីកាន់អំណាចអស់រាប់សិបឆ្នាំ ចុះចេញពីតំណែងទៀតផង ដូចជានៅស៊ូដង់ អាល់ហ្សេរី និងបូលីវី ជាដើម ខណៈ បាតុកម្មដ៏ហិង្សានៅអ៊ីរ៉ង់ ឥណ្ឌា រួមទាំងហុងកុង នៅតែបន្តកើតមានចូលមកដល់ឆ្នាំ២០២០។

១៖ ហុងកុង

បាតុកម្មតវ៉ាដឹកនាំដោយបាតុករគាំទ្រលិទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងហុងកុង បានផ្ទុះឡើងដំបូងកាលពីខែមិថុនា ដើម្បីប្រឆាំង ជំទាស់នឹងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក។ ប៉ុន្តែមកទល់នឹងពេលនេះ បាតុកម្មតវ៉ា នៅតែបន្តកើតមានឡើងដដែល បើទោះជារដ្ឋាភិបាលទីក្រុងហុងកុង លុបចោលច្បាប់ធ្វើបត្យាប័នទាំងស្រុងក៏ដោយ ហើយក្រុមបាតុករបានប្រកាសថាពួកគេនឹងប្រមូល ផ្ដុំគ្នាតវ៉ាជាថ្មីនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។ បាតុកម្មតវ៉ាក្នុងទីក្រុងហុងកុង អស់រយៈពេលជាង៦ខែ និងមិនដឹងថា បញ្ចប់នៅពេលណាបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចហងុកុង ស្របពេលមនុស្សច្រើនជាង ៦,០០០ នាក់ត្រូវបានចាប់ខ្លួន ឧស្ម័នបង្ហូរទឹកភ្នែក១៦,០០០កំប៉ុង និងគ្រាប់កាំភ្លើងជ័រ ១០,០០០គ្រាប់ ត្រូវបានប៉ូលិសប្រើប្រាស់ដើម្បីបង្ក្រាបបាតុករ។

២៖ អ៉ីរ៉ង់

បាតុកម្មតវ៉ាស្ទើតែទូទាំងប្រទេសអ៉ីរ៉ង់ បានចាប់ផ្ដើមផ្ទុះឡើងកាលពីខែវិច្ឆិកា ដោយក្រុមបាតុករងើបឡើងប្រឆាំងជំទាស់នឹងសាំង ឡើងថ្លៃ ក៏ដូចជាទាមទារឱ្យរដ្ឋាភិបាល ទីក្រុងតេហេរ៉ង់ ធ្វើកំណែទម្រង់មួយចំនួន។ នៅក្នុងបាតុកម្មតវ៉ានេះ អំពើហិង្សាក៏កើតមានឡើងផងដែរ ហើយបើទោះជារដ្ឋាភិបាលអ៊ីរ៉ង់មិនបានបញ្ជាក់ពីតួលេខអ្នកស្លាប់ក៏ដោយ តែទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែក លើប្រភពពីមន្ត្រីអ៊ីរ៉ង់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះធ្លាប់បានរាយការណ៍ក្នុងខែធ្នូនេះថាបាតុករច្រើនជាង១,០០០នាក់ឯណោះ ត្រូវបានសម្លាប់។

៣៖ អ៉ីរ៉ាក់

ប្រជាជនអ៊ីរ៉ង់ បាននាំគ្នាចុះផ្លូវធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងអំពើពុករលួយ ភាពគ្មានការងារធ្វើ ក៏ដូចជាទាមទារឱ្យរដ្ឋាភិបាលទីក្រុង បាកដាដ ធ្វើកំណែទម្រង់ជាច្រើន តាំងតែពីខែវិច្ឆិកាមកម្លេះ ហើយវានៅតែបន្តអូសបន្លាយមកទល់បច្ចុប្បន្ន។ បាតុកម្មតវ៉ាបានប្រែ ក្លាយជាអំពើហិង្សារវាងបាតុករ និងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ដោយបណ្ដាលឱមនុស្សជិត៤៦០នាក់ បាត់បង់ជីវិត និង២៥,០០០នាក់ រងរបួស ព្រមទាំងបង្ខំលោកនាយករដ្ឋមន្ត្រី Adel Abdul Mahdi ត្រូវបង្ខំចិត្តលាលែងពីតំណែង។

៤៖ លីបង់

ប្រទេសលីបង់ បានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ ដោយបណ្ដាលឱ្យប្រជាជនស្ទើតែមួយភាគបី រស់នៅក្រោម បន្ទាត់ក្រីក្រ។ នៅខែតុលា រូបបិយវត្ថុលីបង់បានធ្លាក់ចុះយ៉ាងគំហុគ ហើយពន្ធថ្មីត្រូវអនុវត្តលើឥន្ធនៈ បារី ឬថ្នាំជក់ ដែលនេះបាន បង្កឱ្យប្រជាជនលីបង់ខឹងសម្បារជាខ្លាំង រហូតដល់នាំគ្នាធ្វើបាតុកម្មតវ៉ា តាមរយៈការអំពាវនាវនៅលើបណ្ដេញទំនាក់ទំនងសង្គម WhatsApp។ ប្រឈមុខនឹងការតវ៉ា នាយករដ្ឋមន្ត្រីលីបង់ លោក Saad Hariri បានលាលែងចេញពីតំណែង តែបាតុករនៅតែ បន្តធ្វើការតវ៉ាមកទល់នឹងខែធ្នូនេះ។

៥៖ ឥណ្ឌា

ក្រោយច្បាប់ស្ដីពីសញ្ជាតិថ្មីនៃរដ្ឋាភិបាលរបស់លោក ណារិនដ្រា ម៉ូឌី ត្រូវបានអនុម័តនៅថ្ងៃទី១៦ ខែធ្នូ វាបានបង្កឱ្យប្រជាជនឥណ្ឌា ដែលជាអ្នកកាន់សាសនាអ៊ីស្លាម ផ្ទុះកំហឹងជាខ្លាំង រហូតដល់នាំគ្នាធ្វើបាតុកម្មតវ៉ាស្ទើតែទូទាំងប្រទេស ហើយរដ្ឋ Uttar Pradesh ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា មានស្ថានភាពធ្ងន់ធ្ងរជាងគេ ខណៈបើតាមអាជ្ញាធរឥណ្ឌា មនុស្ស១៩នាក់បានស្លាប់ចាប់តាំង ពីថ្ងៃទី២០ ខែធ្នូមក។ ច្បាប់ស្ដីពីសញ្ជាតិថ្មី មានគោលដៅផ្ដល់សញ្ជាតិដល់ជនជាតិដើមភាគតិចកាន់សាសនា ហិណ្ឌូ, ស៊ីគ (Sikhs), ព្រះពុទ្ធ, ហ្សេនស៍ (Jains), ផាស៊ីស (Parsis) និងគ្រិស្ត (Christians) មកពីប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស និងប៉ាគីស្ថាន ដែលមកដល់ប្រទេសឥណ្ឌាមុនឆ្នាំ២០១៥ តែមិនរាប់បញ្ចូលអ្នកកាន់សាសនាអ៊ីស្លាមឡើយ។ ដូច្នេះហើយទើបអ្នករិះគន់បារម្ភថា ច្បាប់នេះអាចក្លាយជាការលុបបំបាត់សហគមន៍ម៉ូស្លីមភាគតិច នៅពេលអនាគត។ ប៉ុន្តែ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានទាត់ចោលការចោទប្រកាន់ពីការលំអៀងក៏ដូចជារើសអើងផ្នែកសាសនា។

៦៖ បូលីវី

បាតុកម្មតវ៉ា នៅក្នុងប្រទេសបូលីវី បានផ្ទុះឡើងកាលពីខែតុលា បន្ទាប់ពីលទ្ធផលបោះឆ្នោតបង្ហាញថា លោក អ៊ីវ៉ូ ម៉ូរ៉ាឡែស (Evo Morales) បានជាប់ឆ្នោតជា ប្រធានាធិបតីបូលីវីសាជាថ្មី។ ប៉ុន្តែ ខាងគណបក្សប្រឆាំងចោទថាលទ្ធផលឆ្នោតត្រូវបានគេលួចបន្លំ និងអំពាវនាវឱ្យអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្មប្រឆាំងនឹងជ័យជម្នះរ បស់លោក ម៉ូរ៉ាឡែស។ បាតុកម្មលាយឡំជាមួយអំពើហិង្សា បានបណ្ដាលឱ្យមនុស្សយ៉ាងហោច១០នាក់ បាត់បង់ជីវិត និងបានបង្ខំឱ្យលោក ម៉ូរ៉ាឡែស លាលែងចេញពីតំណែង នៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា។ បច្ចុប្បន្ន អតីតប្រធានាធិបតីបូលីវីរូបនេះ កំពុងរស់នៅជ្រកកោនក្នុងប្រទេសអាហ្សង់ទីន។

៧៖ ឈីលី

បាតុកម្មតវ៉ារបស់ប្រជាជនឈីលីបានផ្ទុះឡើង តាំងតែពីថ្ងៃ១៨ ខែតុលាមកម្ល៉េះ ដើម្បីប្រឆំាងនឹងបញ្ហាជាច្រើនក្នុងសង្គម និងវិសមភាពសេដ្ឋកិច្ច ហើយវិបត្តិនេះមានលក្ខណៈអាក្រក់បំផុត ក្នុងរយៈពេលបីទសវត្សរ៍មកនេះ។ ដោយឡែក ក្រៅតែពីមនុស្ស ស្លាប់២៣នាក់ មនុស្សច្រើនជាង ២,០០០នាក់ ក៏បានរងរបួសផងដែរក្នុងនោះមាន ២៨០នាក់រងរបួសភ្នែកធ្ងន់ធ្ងរ ដោយសារគ្រាប់ កាំភ្លើងឃ្លី ខណៈ ៧០០នាក់ត្រូវបានចាប់ខ្លួន។

៨៖ ស៊ូដង់

ប្រជាជនស៊ូដង់ បានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Omar al-Bashir ដោយសារតែខឹងសម្បារនឹង ការដឹកនាំរបស់លោក ដោយមិនអាចរំដោះប្រទេសពីវិបត្តិសេដ្ឋកិច្ច។ បាតុកម្មតវ៉ានេះ បានបណ្ដាលឱ្យមនុស្សយ៉ាងហោច១០៨នាក់ បាត់បង់ជីវិត រីឯលោក al-Bashir ត្រូវបានទម្លាក់ពីអំណាចកាលពីខែមេសា។

៩៖ ឥណ្ឌូណេស៊ី

នៅខែកញ្ញា ក្រុមនិសិ្សតឥណ្ឌូណេស៊ី នៅក្នុងទីក្រុងធំៗ បាននាំគ្នាធ្វើបាតុកម្មតវ៉ាទាមទារឱ្យរដ្ឋាភិបាលទីក្រុងហ្សការតា លុបចោលនូវ ច្បាប់ដាក់ទោសលើអ្នកប្រមាថប្រធានាធិបតី ព្រមទាំងការហាមឃាត់ការរួមភេទមិនទាន់រៀបការ និងអ្នកស្រឡាញ់ភេទដូចគ្នា។ អំពើហិង្សានៅក្នុងបាតុកម្មនេះបានបណ្ដាលឱ្យមនុស្សពីរនាក់ស្លាប់។

១០៖ ហៃទី

បាតុករហៃទី បានធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុង Port-au-Prince នៅខែកុម្ភៈកន្លងទៅ ប្រឆាំងអំពើពុករលួយ និងដើម្បីទាមទារឱ្យប្រធានាធិបតី លោក Jovenel Moïse ចុះចេញពីតំណែង។ មនុស្ស៤០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីបាតុកម្មតវ៉ាផ្ទុះឡើង រហូតដល់ខែកញ្ញា កន្លងទៅនេះ៕