(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) បានដាក់ទណ្ឌកម្មលើរដ្ឋមន្រ្តីការពារជាតិ គុយបា លោក Leopoldo Cintra Frias សម្រាប់ការគាំទ្រដល់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។
ការដាក់ទណ្ឌកម្មខាងលើត្រូវបានប្រកាសដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo។ លោក Pompeo បានលើកឡើងថា ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិគុយបា លោក Cintra Frias មានចំណែកត្រូវចូលរួមទទួលខុសត្រូវសម្រាប់សកម្មភាពរបស់ប្រទេសគុយ ដែលគាំទ្រចំពោះរបបដឹកនាំលោក ម៉ាឌូរ៉ូ នៅវេណេស៊ុយអេឡា។ បើតាមលោក Pompeo ក្រសួងការពារជាតិគុយបាបានចូលដៃជាមួយរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ធ្វើទុក្ខបុកម្នេញនិងទារុណកម្ម ក៏ដូចជាប្រព្រឹត្តអំពើឃោរឃៅនិងអមនុស្សធម៌ផ្សេងៗទៅលើប្រជាជនវេណេស៊ុយអេឡា ដែលមាននិន្នាការប្រឆាំងលោក ម៉ាឌូរ៉ូ។
លោក Leopoldo Cintra Frias ត្រូវបានទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្ម រួមជាមួយកូនៗពីរនាក់របស់លោក ដែលមានឈ្មោះ Deborah Cintra Gonzalez និង Leopoldo Cintra Gonzalez។ ការដាក់ទណ្ឌកម្មនេះ នឹងហាមឃាត់អ្នកទាំងបីមិនឲ្យឈានជើងចូលទឹកដីអាមេរិក បានដាច់ខាត។
គួរជម្រាបថា តាំងតែពីឆ្នាំ២០១៩មក សហរដ្ឋអាមេរិក និងប្រទេសជាង៥០ទៀតបាននាំគ្នា ទទួលស្គាល់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសអាមេរិកឡាទីនមួយនេះ បន្ទាប់ពីលោក Guaido បានប្រកាសលើកខ្លួនឯង ជាអនុប្រធានាធិបតី ហើយចោទការជាប់ឆ្នោតរបស់លោក ម៉ាឌូរ៉ូ កាលពីឆ្នាំ២០១៨ ថាជារឿងបោកប្រាស់។ យ៉ាងណាមិញ រហូតមកទល់ សព្វថ្ងៃនេះ លោក ម៉ាឌូរ៉ូ នៅតែបន្តដឹកនាំប្រទេសវេណេស៊ុយអេឡា ក្រោមការគាំទ្រពេញទំហឹងពីយោធា និងប្រទេសធំៗដូចជារុស្ស៊ី ចិន អ៊ីរ៉ង់ ព្រមទាំងគុយបា៕