(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនបានបង្ហាញខ្លួនជាសាធារណៈជាច្រើនថ្ងៃមកហើយ ចាប់តាំងពីកិច្ចប្រជុំកំពូលពេញអង្គរបស់គណបក្សពលករ បិទបញ្ចប់កាលពីថ្ងៃទី៣១ ខែធ្នូ ខណៈមានពាក្យចចាមអារ៉ាមជាច្រើនថា លោកកំពុងសម្ងំលាក់ខ្លួនក្នុងបន្ទប់ក្រោមដី បន្ទាប់ពីមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qassem Soleimani) ត្រូវបានអាមេរិកសម្លាប់នៅអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Chosun Ilbo នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញការគោរពវិញ្ញាណក្ខន្ធដល់លោកតា គីម អ៊ីលស៊ុង និងលោកឪពុក គីម ជុងអ៊ីល កាលពីសប្ដាហ៍មុន នៅឯវិមានព្រះអាទិត្យក្នុងទីក្រុងព្យុងយ៉ាង ដោយមិនបានចេញផ្សាយរូបភាពលោក ជាសាធារណៈដូចសព្វដងនោះទេ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ទន្ទឹមគ្នានឹងអវត្តមានរបស់លោក គីម ក៏លេចឡើងនូវពាក្យចចាមអារ៉ាមជាច្រើនផងដែរថា មេដឹកនាំកូរ៉េខាងជើងរូបនេះ កំពុងសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដី ក្រោយលោក កាស្សេម សូឡៃមេនី (Qassem Soleimani) ត្រូវបានយន្ដហោះដ្រូនអាមេរិកសម្លាប់ នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៣ ខែមករា កន្លងទៅ។
យ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងមិនទាន់ធ្វើអត្ថាប្បាយអ្វីពាក់ព័ន្ធនឹង មរណភាពរបស់លោក Soleimani នោះទេ ហើយគេក៏មិនទាន់ដឹងច្បាស់ដែរថា តើការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់រូបនេះ អាចជាសារព្រមានមួយដែលលោក ដូណាល់ ត្រាំ ចង់ផ្ញើជូនលោក គីម ជុងអ៊ុន ឬយ៉ាងណានោះដែរ។ ប៉ុន្តែលោក គីម ជុងអ៊ីល ដែលជាឪពុករបស់លោក គីម ក៏ធ្លាប់បាត់ខ្លួនជាសាធារណៈជាជាងពីរខែផងដែរ នៅពេលសហរដ្ឋអាមេរិកបើកប្រតិបត្តិការយោធា ចូលឈ្លានពានអាហ្វហ្គានីស្ថាននៅឆ្នាំ២០០១ និងអ៊ីរ៉ាក់នៅឆ្នាំ២០០៣៕