(ប៉េកាំង)៖ រដ្ឋាភិបាលចិនបាននិយាយថា អន្តគមន៍យោធានិយមរបស់សហរដ្ឋអាមេរិក គឺជាមូលហេតុមួយធ្វើឱ្យមានស្ថានភាពក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែ អាក្រក់ឡើង ស្របពេលមានការព្រួយបារម្ភជាច្រើនពីលទ្ធភាពនៃការផ្ទុះសង្រ្គាម ឬជម្លោះប្រដាប់អាវុធរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ដែលកំពុង គំរាមសងសឹកគ្នាទៅវិញទៅមកដោយកម្លាំងយោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។
ការកត់សម្គាល់ខាងលើ ធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃចន្ទនេះ។ ប៉ុន្តែ ទន្ទឹមគ្នានឹងការរិះគន់ លោក Shuang បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន កុំប្រើប្រាស់កម្លាំងបាយជ្រុលហួសហេតុ ក៏ដូចជាអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់រក្សាភាពអត់ធ្មត់ ដើម្បីធានាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ដោយឡែក នៅពេលត្រូវបានសាកសួរពីការគំរាមដាក់ទណ្ឌកម្ម ពីសំណាក់លោក ដូណាល់ ត្រាំ លើអ៊ីរ៉ាក់ ជុំវិញការបណ្ដេញកងទ័ពអាមេរិក អ្នកនាំពាក្យរូបនេះបានបញ្ជាក់យ៉ាងខ្លីថាចិនជំទាស់ជាដាច់ខាតចំពោះការគំរាម កំហែងដាក់ទណ្ឌកម្មលើអ្នកដទៃ។
គួរជម្រាបថា ភាពតានតឹងដល់កំពូលនៃទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអាមេរិក កើតមានឡើង បន្ទាប់ពីមេទ័ពកំពូលម្នាក់របស់អ៊ីរ៉ង់ គឺលោក កាស្សេម សូឡៃមេនី (Qasem Soleimani) ត្រូវបានសម្លាប់ដោយយន្ដហោះដ្រូនអាមេរិក នៅលើទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយវាក៏បានបណ្តាលឲ្យមេទ័ពធំម្នាក់ របស់អ៊ីរ៉ាក់ផ្ទាល់ គឺលោក អាប៊ូ ម៉ាហ៍ឌី អាល់មូហានឌីស (Abu Mahdi al-Muhandis) បាត់បង់ជីវិតថែមទៀតផង។ ប៉ុន្តែ លោក ដូណាល់ ត្រាំថា ការវាយប្រហារនេះគឺធ្វើឡើង ដើម្បីការពារខ្លួនតែប៉ុណ្ណោះ ដ្បិតលោក សូឡៃមេនី បាននិងកំពុងរៀបចំគម្រោងវាយប្រហារលើបុគ្គលិកទូត និងយោធាអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសនៅអ៊ីរ៉ាក់តែម្ដង៕