(តេហេរ៉ង់)៖ ពិធីបុណ្យសពធំមួយត្រូវបានរៀបចំឡើង នៅរដ្ឋធានីតេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់ សម្រាប់លោក កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលជាមេទ័ពកំពូលមួយរូបរបស់អ៊ីរ៉ង់ ដែលត្រូវយោធាអាមេរិកវាយប្រហារ បណ្តាលឲ្យក្ស័យជីវិតនៅប្រទេសអ៊ីរ៉ាក់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។
ក្នុងពិធីបុណ្យលោក Soleimani នាថ្ងៃចន្ទនេះ ប្រជាជនអ៊ីរ៉ង់យ៉ាងច្រើនសម្បើមចូលរួម។ បើតាមតួលេខនៃប្រជាជន ដែលចេញមកប្រមូលផ្តុំគ្នាលើដងផ្លូវក្នុងទីក្រុងតេហេរ៉ង់ ដើម្បីកាន់ទុក្ខ និងសម្តែងការគោរពក៏ដូចជាសោកស្តាយ ចំពោះការបាត់បង់លោក Soleimani បង្ហាញលើកញ្ចក់ទូរទស្សន៍ក្នុងប្រទេសអ៊ីរ៉ង់ គឺវាទំហំប្រហាក់ប្រហែលកាលពីឆ្នាំ១៩៨៩ ដែលកាលណោះអ៊ីរ៉ង់បានរៀបចំពិធីបុណ្យ សពជូនបិតាស្ថាបនិកសាធារណរដ្ឋអ៊ីរ៉ង់គឺលោក អាយ៉ាតូលឡាហ៍ រូហូលឡាហ៍ ខូមៃនី (Ayatollah Ruhollah Khomeini) យ៉ាងដូច្នោះដែរ។ ដោយឡែកមេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) និងប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) ក៏បានចូលរួមផងដែរ។
សាកសពរបស់លោក Soleimani ត្រូវបានដឹកតាមយន្តហោះមកដល់ទីក្រុងមួយ នៅភាគនិរតីប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ មុនពេលត្រូវបានបញ្ជូនបន្តមកកាន់រដ្ឋធានីតេហេរ៉ង់។ លោក Soleimani បានបាត់បង់ជីវិត កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ដោយសារតែការវាយប្រហារពីលើផ្ទៃអាកាស ដោយយន្តហោះដ្រូនរបស់យោធាអាមេរិក នៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ។
គួរជម្រាបថា ជុំវិញការធ្វើឃាតលោក Soleimani អ៊ីរ៉ង់បានព្រមានសងសឹកទៅវិញ ប៉ុន្តែប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលជាអ្នកចេញបញ្ជាផ្ទាល់ឲ្យសម្លាប់លោក Soleimani បានគំរាមទីក្រុងហេរ៉ង់ថា បើហ៊ានសងសឹកនោះអាមេរិកនឹងវាយប្រហារ លើទីតាំងរហូតដល់ ៥២កន្លែងរបស់អ៊ីរ៉ង់យ៉ាងចាស់ដៃភ្លាមៗតែម្តង ដែលរួមមានទាំងទីតាំងបេតិកភណ្ឌជាតិ ដ៏មានតម្លៃនៃប្រជាជាតិអ៊ីស្លាមមួយនេះផងដែរ៕