(ហ្សាការតា)៖ ខណៈមហន្តរាយជំនន់នៅទីក្រុងហ្សាការតា នៅមិនទាន់ធូរស្រាល និងបានផ្តាច់ជីវិតមនុស្សកើនដល់ ៦៦នាក់គិតត្រឹមល្ងាចថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០នេះ ឥណ្ឌូណេស៊ីក៏កំពុងតែត្រៀមខ្លួន ដើម្បីទទួលរងគ្រោះធម្មជាតិបន្ថែមទៀតដែរ នោះគឺប្រព័ន្ធសម្ពាធទាបដែលកំពុងរំកិលមក។ នេះបើតាមការចេញផ្សាយដោយ CNA។
តាមការព្យាករណ៍របស់អាជ្ញាធរឥណ្ឌូណេស៊ី ភ្លៀងធ្លាក់យ៉ាងគំហុកនឹងកើតមានឡើង ទៅលើទីក្រុងហ្សាការតាព្រមទាំងតំបន់ជុំវិញ បន្ថែមទៀតក្នុងសប្តាហ៍នេះ ដែលមានប្រជាជានរស់នៅសរុបជាង ៣០នាក់។ បច្ចុប្បន្នដោយសារតែទឹកជំនន់នោះ ប្រជាជនឥណ្ឌូណេស៊ីប្រមាណ ១៧០,០០០នាក់ កំពុងបន្តរស់នៅជម្រកបណ្តោះអាសន្ននៅឡើយ ដើម្បីរង់ចាំស្ថានការណ៍ធូរស្រាល ប៉ុន្តែពេលនេះភ្លៀងនឹងធ្លាក់មកបន្ថែមទៀតហើយ ដែលអាចបង្កឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។
គួររំលឹកថា កំឡុងគ្រោះទឹកជនន់ធំមួយកាលពីឆ្នាំ២០០៧ នៅក្នុងរដ្ឋធានីហ្សាការតា និងតំបន់ជុំវិញនោះបានសម្លាប់មនុស្សយ៉ាងតិច ៨០នាក់ រីឯ ៣២០,០០០នាក់ត្រូវបានជម្លៀសពីលំនៅឋាន ទៅរកទីកន្លែងមានសុវត្ថិភាព៕