(យូអិន)៖ សហរដ្ឋអាមេរិកបានប្រាប់អង្គការសហប្រជាជាតិ (UN) ថា ការសម្លាប់មេទ័ពកំពូលអ៉ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qassem Soleimi) គឺជាការការពារខ្លួនក្នុងករណីចាំបាច់ ហើយអាមេរិកប្តេជ្ញាថា នឹងធ្វើសកម្មភាពបន្ថែមទៀតនៅមជ្ឈិមបូព៌ា ប្រសិនបើកាលៈទេសៈតម្រូវ ដើម្បីការពារជនជាតិក៏ដូចជាផលប្រយោជន៍អាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។
ក្នុងសារលិខិតមួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ UN លោកស្រី ឃែល្លី ក្រាហ្វត៍ (Kelly Craft) បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកក៏កំពុងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីត្រឡប់ទៅអង្គុយនៅតុចរចា ដោយគ្មានលក្ខខណ្ឌជាមួយអ៉ីរ៉ង់ផងដែរ ក្រោមគោលដៅទប់ស្កាត់ការបង្កហានិភ័យតទៅមុខទៀត ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ និងបង្ការការបង្កហេតុកាន់តែខ្លាំងដោយប្រទេសអ៉ីរ៉ង់។
គួរជម្រាបថា លោកស្រី Craft បានលើកហេតុផលការពារការធ្វើឃាតលោក Soleimi ដែលជាមេដឹកនាំកងកម្លាំងពិសេស Quds Force របស់យោធាអ៉ីរ៉ង់ តាមរយៈការលើកឡើងអំពីមាត្រា ៥១ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ នៅក្រោមមាត្រានោះ ប្រទេសនានាដែលជាសមាជិក UN ត្រូវតម្រូវឲ្យរាយការណ៍ជាបន្ទាន់ភ្លាមៗទៅកាន់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ អំពីចំណាត់ការទាំងឡាយ ដែលធ្វើឡើងក្រោមការអនុវត្តនូវសិទ្ធិការពារខ្លួន។
កាលពីឆ្នាំ២០១៤ សហរដ្ឋអាមេរិក៏បានប្រើប្រាស់មាត្រា ៥១ នេះមកការពារសកម្មភាពខ្លួននៅស៊ីរី ពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងក្រុមភេរវករ ISIS ផងដែរ៕