(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ បានលើកយកការសម្លាប់មេទ័ពអ៉ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qassem Soleimani) មកធ្វើជាប្រធានបទ នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។
ក្នុងការជួបជុំជាមួយក្រុមអ្នកគាំទ្រនៅទីក្រុង ថូឡេដូ (Toledo) នៃរដ្ឋអូហៃយ៉ូ (Ohio) លោក ដូណាល់ ត្រាំ បានចំណាយពេលយ៉ាងយូរ និយាយការពារការចេញបញ្ជារបស់លោក ឲ្យសម្លាប់លោក Soleimani ហើយច្រានចោទការរិះគន់ពីបក្សប្រជាធិបតេយ្យដែលថា លោកបានធ្វើលើសពីអំណាចខ្លួន តាមរយៈការបង្គាប់ឲ្យយោធាអាមេរិក ប្រើយន្តហោះដ្រូនវាយប្រហារផ្តាច់ជីវិត មេដឹកនាំកងអង្គភាពពិសេស Quds របស់យោធាអ៉ីរ៉ង់រូបនេះ នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងបាកដាដប្រទេសអ៉ីរ៉ាក់ កាលពីមួយសប្តាហ៍មុន។ លោក ត្រាំ បាននិយាយថា ការសម្រេចចិត្តរបស់លោកបានជួយសង្រ្គោះជីវិតពលរដ្ឋអាមេរិក ហើយវាគឺជារឿងយុត្តិធម៌បំផុត។
គួរជម្រាបថា ការសម្លាប់លោក Soleimani បានធ្វើបង្ខំឲ្យអ៉ីរ៉ង់បាញ់មីស៊ីលជាច្រើនគ្រាប់ ទៅលើមូលដ្ឋានយោធាចំនួនពីរកន្លែងនៅអ៉ីរ៉ាក់ ដែលមានកងទ័ពអាមេរិកឈរជើង ប៉ុន្តែពុំបានបង្កឲ្យកងទ័ពអាមេរិក ឬនរណាផ្សេងបាត់បង់ជីវិតឡើយ។ ខណៈលោក ត្រាំ ធ្លាប់បានព្រមានថា អាមេរិកវាយប្រហារលើទីតាំងរហូតដល់ ៥២កន្លែងរបស់អ៉ីរ៉ង់ ប្រសិនបើអ៉ីរ៉ង់ហ៊ានសងសឹកចំពោះការសម្លាប់លោក Soleimani ក៏ដោយ ក្រោយការបាញ់មីស៊ីលនោះ លោកបានត្រឹមប្រកាសថា នឹងដាក់ទណ្ឌកម្មបន្ថែមលើអ៉ីរ៉ង់ប៉ុណ្ណោះ ព្រោះតែវាមិនបានបង្កឲ្យមានមនុស្សស្លាប់៕