(ឡុងដ៍)៖ ព្រះអង្គម្ចាស់របស់ចក្រភពអង់គ្លេសគឺ ព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់ Harry ដែលត្រូវជាព្រះរាមនិងព្រះអនុជ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាសាធារណៈ ចំពោះសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែតអង់គ្លេសមួយ ដែលស្តីពី ទំនាក់ទំនងរវាងទ្រង់ទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។
នៅថ្ងៃចន្ទនេះ សារព័ត៌មានមួយរបស់អង់គ្លេសគឺ The Times ដែលយោងតាមប្រភពមិនបញ្ចេញអត្តសញ្ញាណ បានចុះផ្សាយថា ព្រះអង្គម្ចាស់ Harry និងអ្នកមាង Meghan ត្រូវបានរុញច្រានឲ្យឃ្លាតឆ្ងាយពីសែរាជវង្ស ដោយសារឥរិយាបទរបស់ព្រះអង្គម្ចាស់ William ដែលពុំបានផ្តល់ការស្វាគមន៍រាក់ទាក់ចំពោះអ្នកមាង Meghan នោះឡើយ រហូតមកទល់បច្ចុប្បន្ន។ ព្រះអង្គម្ចាស់ទាំងពីរ ក៏បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ថ្កោលទោសការចុះផ្សាយព័ត៌មាននោះ ថាជារឿងមិនពិត ព្រមទាំងជាការប្រមាថមួយ។
គួរជម្រាបថា ថ្មីៗនេះ ព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការប្រកាសចង់ចាកចេញ ពីសែរាជវង្ស ហើយងាកទៅរស់នៅដោយឯករាជ្យ ពឹងលើកម្លាំងញើសឈាមខ្លួនឯង មិនខ្វល់ពីទ្រព្យសម្បត្តិរាជវង្សអង់គ្លេស ពោលគឺដូចជីវិតគូស្វាមីភរិយាសាមញ្ញធម្មតាមួយគូយ៉ាងដូច្នោះ។ ព្រះអង្គម្ចាស់ Harry បានរៀបអភិសេកជាមួយអ្នកម្នាង Meghan កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបច្ចុប្បន្នទ្រង់ទាំងពីរមានបុត្រាមួយអង្គ៕