(ស៊ីដនី)៖ អាជ្ញាធរឧតុនិយម និងធនធានទឹកអូស្ត្រាលីបានព្យាករណ៍ថា ភ្លៀង និងព្យុះអាចនឹងនាំភាពធូរស្រាលមួយចំនួនធំ ទៅកាន់តំបន់ដែលរងគ្រោះ និងបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងបច្ចុប្បន្នកំពុងបង្កហានិភ័យ នៃគ្រោះរអិលបាក់ដី និងការបំពុលទឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។
ភ្លើងឆេះព្រៃដែលបានឆាបឆេះតាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មកទល់នឹងពេលបច្ចុប្បន្ននេះ បានផ្ដាច់ជីវិតមនុស្ស ២៨នាក់, បំផ្លាញផ្ទះសម្បែងច្រើនជាង ២,៥០០ខ្នង ហើយសត្វអាចដល់ទៅមួយពាន់លានក្បាល ត្រូវបានគេព្រួយបារម្ភថាបានងាប់ ខណៈផ្ទៃដីត្រូវបានអណ្តាតភ្លើងលេបត្របាក់ មានទំហំប៉ុនប្រទេសប៊ុលហ្គារី។
នៅក្នុងវីដេអូមួយបង្ហោះលើគេហទំព័រការិយាល័យឧតុនិយម លោកស្រី សារ៉ាហ៍ ស្កាល្លី (Sarah Scully) ដែលជាអាជ្ញាធរឧតុនិយមអូស្ត្រាលីមួយរូប បានលើកឡើងយ៉ាងដូច្នេះថា «ភ្លៀងធ្លាក់ខ្លាំង និងព្យុះអាចនឹងនាំភាពធូរស្រាល មកកាន់តំបន់ដែលកំពុងបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ជាពិសេសគឺរដ្ឋ New South Wales និងរដ្ឋ Victoria តែម្ដង»។
គួរជម្រាបថា ភ្លើងឆេះព្រៃតែងតែជាកើតឡើងជាញឹកញាប់ នៅកំឡុងរដូវក្ដៅនៅអូស្ត្រាលី ប៉ុន្តែភ្លើងឆេះព្រៃនៅឆ្នាំនេះគឺមានសភាពខុសប្រក្រតី និងធ្ងន់ធ្ងរហួសប្រមាណ។ ចំណែកឯអង្គការ NASA នៅថ្ងៃពុធនេះក៏បានបញ្ចេញទិន្នន័យពីផ្កាយរណបផងដែរថា ផ្សែងបង្កឡើងដោយភ្លើងឆេះព្រៃកំពុងរសាត់អណ្ដែត ស្ទើរតែពាសពេញបរិយាកាសពិភពលោក៕