(តៃវ៉ាន់)៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានជំរុញឱ្យចិនពិនិត្យមើលឡើងវិញ នូវគោលនយោបាយចំពោះកោះតៃវ៉ាន់ ខណៈការលើកឡើងបែបនេះត្រូវបានគេមើលឃើញថា អាចនឹងបង្កភាពតានតឹងជាមួយទីក្រុងប៉េកាំង ដែលចាត់ទុកថាដែនកោះមួយនេះ ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។
លោក Tsai ធ្វើការកត់សម្គាល់បែបនេះ កំឡុងសន្និសីទសារព័ត៌មានខ្លីមួយ នៅចំពោះមុខអ្នកសារព័ត៌មានក្នុងទីក្រុងតៃប៉ិ នៅថ្ងៃពុធនេះ និងបន្ទាប់ពីលោកស្រីបានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដើម្បីបន្តកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ ក្នុងអាណត្តិទីពីររបស់លោកស្រី។
ប៉ុន្តែទន្ទឹមគ្នានោះ លោកស្រី Tsai មិនបានបញ្ជាក់អ្វីលម្អិតនោះទេ ដោយត្រឹមបង្ហើបបន្ថែមយ៉ាងដូច្នេះថា «យើងសង្ឃឹមថា ចិននឹងយល់ពីការសម្ដែងមតិ និងឆន្ទៈនៃប្រជាជនតៃវ៉ាន់នៅក្នុងការបោះឆ្នោត ព្រមទាំងពិនិត្យមើលឡើងវិញផងដែរ នូវគោលនយោបាយបច្ចុប្បន្នចំពោះកោះតៃវ៉ាន់»។
គួរបញ្ជាក់ថា ចិនបានចាត់ទុកកោះតៃវ៉ាន់ គ្រាន់តែជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ ហើយក៏បានព្រមានជាច្រើនលើដែរថា នឹងប្រើប្រាស់កងកម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិ នៅក្នុងករណីចាំបាច់ ឬក៏មានការប៉ុនប៉ងបំបែកដែនកោះមួយនេះចេញពីចិន។ ប៉ុន្តែជារឿយៗ តៃវ៉ាន់តែងតែអះអាងជានិច្ចថា ខ្លួនគឺជាប្រទេសមួយឯករាជ្យដោយមានឈ្មោះផ្លូវការថា «សាធារណរដ្ឋចិន»។
លោកស្រី Tsai Ing-wen កំឡុងសុន្ទរកថាពីជ័យជម្នះ ក៏បានអំពាវនាវឱ្យចិនបោះបង់ការគំរាមកំហែង ដោយប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ ក៏ដូចជាបង្ហាញការគោរពលើគំនិតរបស់ប្រជាជនតៃវ៉ាន់ទាំង ២៣នាក់ ដែលមានសិទ្ធិសម្រេចចិត្តពីអនាគតរបស់ខ្លួនឯង ជាមួយការបញ្ជាក់ពីគោលជំហរចរចាដោយ សន្តិវិធីជាមួយថ្នាក់ដឹកនាំចិន៕