(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួនពីរ របស់កូរ៉េខាងជើង ដែលមានជាប់ ពាក់ព័ន្ធនឹងការបញ្ជូនពលករកូរ៉េខាងជើង ទៅធ្វើការនៅក្រៅប្រទេស ដោយរំលោភលើទណ្ឌកម្មអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។
បើតាមក្រសួងរតនាគារជាតិអាមេរិក ក្រុមហ៊ុនកូរ៉េខាងជើងទាំងពីរខាងលើដែលត្រូវបញ្ចូលក្នុងបញ្ជីខ្មៅជាប់ទណ្ឌកម្ម មានក្រុមហ៊ុន Namgang Trading Corp ឬ NTC និងក្រុមហ៊ុន Beijing Sukbakso មានមូលដ្ឋាននៅក្នុងប្រទេសចិន បើទោះជាទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមស្ដារឡើងវិញនូវកិច្ចចរចានុយក្លេអ៊ែរជាមួយ ទីក្រុងព្យុងយ៉ាងក៏ដោយ។ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖«ការ បញ្ជូនពលករកូរ៉េខាងជើងទៅក្រៅប្រទេស បានបង្កើនចំណូលខុសច្បាប់សម្រាប់រដ្ឋាភិបាលកូរ៉េខាងជើង ដែលនេះគឺជាទង្វើរំលោភលើទណ្ឌកម្ម អង្គការសហប្រជាជាតិ»។
គួរបញ្ជាក់ថា ក្រសួងរតនាគារជាតិអាមេរិក មិនបានបញ្ជាក់លម្អិតថាតើប្រទេសណាដែលបន្តទទួលយកពលករកូរ៉េខាងជើងនោះទេ ប៉ុន្តែ កាលពីឆ្នាំ២០១៨ ក្រុម មន្ត្រីអាមេរិកធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុន NTC បានបញ្ជូនពលករកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី នីហ្សេរីយ៉ា និងប្រទេសមួយចំនួនទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ា៕